跳至正文
西哈努克省电视台 · 官方网站
登录

សហគមន៍នេសាទចំនួន៦ នៅខេត្តព្រះសីហនុ រៀបចំមហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការថ្មី ដើម្បីពង្រឹងការគ្រប់គ្រងធនធានជលផល

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ សហគមន៍នេសាទមានតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សធនធានជលផល ធានាការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមថែរក្សាព្រៃកោងកាង និងជីវចម្រុះសមុទ្រ ដែលជាមូលដ្ឋានសម្រាប់ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
ដើម្បីពង្រឹងការដឹកនាំ និងការគ្រប់គ្រងសហគមន៍នេសាទ អង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា (CNRO) សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានរៀបចំមហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទថ្មី ជំនួសគណៈកម្មការដែលបានផុតអាណត្តិ។ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយជោគជ័យក្នុងខែតុលា ឆ្នាំ២០២៤។
សហគមន៍នេសាទក្នុងខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ហើយបច្ចុប្បន្នមានចំនួន១៧សហគមន៍។ ក្នុងនោះ សហគមន៍នេសាទចំនួន៦ ដែលគណៈកម្មការបានផុតអាណត្តិ រួមមាន សហគមន៍នេសាទបន្ទាយប្រិយ៍ ចុងអូរ ជ្រលង ព្រៃនប់២ បឹងជុំ និងកែវផុស ស្ថិតនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក សុខ សុខុម ប្រធានអង្គការ CNRO បានឱ្យដឹងថា អង្គការបានអនុវត្តគម្រោង «ពង្រឹងសកម្មភាពសង្គមស៊ីវិលដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ច (SCAEG)» ក្រោមការគាំទ្រពីសហភាពអឺរ៉ុប (EU) តាមរយៈអង្គការ ActionAid Cambodia (AAC) ដើម្បីជំរុញការពង្រឹងសហគមន៍នេសាទ និងរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទទាំង៦ ស្របតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍នេសាទ។
លោកបានបន្ថែមថា តាមរយៈគម្រោងនេះ សហគមន៍នេសាទគោលដៅចំនួន៨ ទទួលបានការពង្រឹងសមត្ថភាពជាបន្តបន្ទាប់ តាមរយៈកិច្ចប្រជុំប្រចាំខែ និងវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ដូចជា ច្បាប់ជលផល សិទ្ធិដីធ្លី ក្រមបរិស្ថាន និងច្បាប់ពាក់ព័ន្ធផ្សេងៗ។
សហគមន៍នេសាទគោលដៅទាំង៨ រួមមាន បន្ទាយប្រិយ៍ ចុងអូរ បឹងរាំង ជ្រលង ព្រៃនប់២ បឹងជុំ កែវផុស និងសាមគ្គីព្រែកកំពង់សីលា ដែលស្ថិតនៅស្រុកព្រៃនប់ ស្រុកកំពង់សីលា ក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ការពង្រឹងសមត្ថភាព និងការរៀបចំរចនាសម្ព័ន្ធដឹកនាំថ្មីនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង អភិរក្ស និងប្រើប្រាស់ធនធានជលផលប្រកបដោយចីរភាពនៅក្នុងមូលដ្ឋាន៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…