ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានលើកឡើងអំពីសក្តានុពល និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងនេះក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Krishnajie Partadireja ភារធារី នៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងបន្ថែមថា ខេត្តមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ជ្រុងជ្រោយ រួមមានផ្លូវគោក ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស និងផ្លូវល្បឿនលឿន ព្រមទាំងមានកំពង់ផែទឹកជ្រៅសំខាន់ៗ ដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្ទឹងហាវ និងកំពង់ផែកែវផុស ដែលកំពុងអភិវឌ្ឍជាបន្តបន្ទាប់។
បច្ចុប្បន្ន ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ដែលកំពុងផ្តល់ការងារដល់កម្មករជាង ៦ម៉ឺននាក់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជា មជ្ឈមណ្ឌលឧស្សាហកម្ម និងភស្តុភារកម្ម ទីក្រុងពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងជាតំបន់ទេសចរណ៍ឆ្នេរ និងកោះប្រកបដោយសក្តានុពលខ្ពស់ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ និងការលើកទឹកចិត្តផ្នែកពន្ធ។
ជាការឆ្លើយតប លោក Krishnajie Partadireja បានសម្តែងក្តីរីករាយចំពោះជំនួបលើកដំបូងនេះ និងថ្លែងអំណរគុណដល់អាជ្ញាធរខេត្តដែលបានផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីដែលកំពុងរស់នៅ និងប្រកបអាជីវកម្មក្នុងខេត្តព្រះសីហនុ។
លោកភារធារីក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam) ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងបរិយាកាសវិនិយោគប្រកបដោយភាពជឿជាក់។
លោកបានបញ្ជាក់ថា ឥណ្ឌូនេស៊ីមានបំណងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យសេវាកម្មម្ហូបអាហារ និងភោជនីយដ្ឋាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលអាហារជាច្រើនរបស់ឥណ្ឌូនេស៊ី ជាពិសេសមីកញ្ចប់ ត្រូវបាននាំចូលមកកម្ពុជាកាន់តែច្រើន ហើយភាគីឥណ្ឌូនេស៊ីរំពឹងថានឹងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់កម្ពុជា។
ទន្ទឹមនឹងនេះ លោកក៏បានជម្រាបជូនថា នៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ឥណ្ឌូនេស៊ីនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម «សួស្តីឥណ្ឌូនេស៊ី» នៅកម្ពុជា ដើម្បីផ្សព្វផ្សាយផលិតផល និងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕ ដោយ៖ ប៉ៃ សុឃីម















