សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul មុនចូលរួមពិធីបើកវេទិកាអនាគតអាស៊ានលើកទី៣ នៅលើទឹកដីនៃវៀតណាម នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់នៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី។
យ៉ាងណា ក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅមិនទាន់មានការបញ្ជាក់អំពីខ្លឹមសារលម្អិត និងបង្ហាញជាផ្លូវការណាមួយថា ថ្នាក់ដឹកនាំកំពូលទាំងពីរបានពិភាក្សាទៅលើបញ្ហាអ្វីខ្លះនៅឡើយទេ គិតត្រឹមការចេញផ្សាយព័ត៌មាននេះ។ ជាការកត់សម្គាល់៖ ជំនួបកំពូលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦៕
ដោយ៖ ង៉ែត ពិសាន្ត

