ខេត្តព្រះសីហនុ៖ ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់តាំងលោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តចំនួន ៥៥នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត ចុះអនុវត្តយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាប៊ែតនៅក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
យុទ្ធនាការនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយគ្របដណ្តប់គ្រប់ភូមិក្នុងសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ។ គោលបំណងសំខាន់ គឺដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក (Chikungunya) ដែលបង្កឡើងដោយមូសខ្លាញីខាំ។
ក្នុងឱកាសនោះ ក្រុមការងារបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការសំខាន់ៗ រួមមាន៖ ទី១. កម្ចាត់ដង្កូវទឹកមូសខ្លា ដោយលុបបំបាត់វត្ថុដក់ទឹកមិនប្រើប្រាស់នៅជុំវិញផ្ទះ ដូចជា សំបកកង់ សំបកកំប៉ុង ធុង ពាង សំបកដប និងសំបកដូង។ ជាមួយគ្នានេះ ត្រូវលាងសម្អាតសម្ភារៈស្តុកទឹកឱ្យបានទៀងទាត់ ដាក់ថ្នាំអាប៊ែត ឬចិញ្ចឹមត្រីប្រាំពីរពណ៌ និងគ្របបាំងធុងទឹក ពាងទឹក និងអាងទឹកឱ្យបានត្រឹមត្រូវ។
ទី២. កម្ចាត់ជម្រកមូសខ្លា ដោយរៀបចំអនាម័យក្នុង និងជុំវិញផ្ទះឱ្យមានសណ្តាប់ធ្នាប់ កាប់សម្អាតស្មៅ និងព្រៃស៊ុបទ្រុប ព្រមទាំងសហការជាមួយមន្ត្រីសុខាភិបាលក្នុងការបាញ់ថ្នាំសម្លាប់មូសនៅពេលចាំបាច់។
ទី៣. ការពារខ្លួនពីការខាំរបស់មូស ដោយគេងក្នុងមុងទាំងថ្ងៃទាំងយប់ ស្លៀកពាក់សម្លៀកបំពាក់វែងៗ និងជៀសវាងការស្នាក់នៅកន្លែងងងឹត ឬមានពន្លឺមិនគ្រប់គ្រាន់។
ទី៤. ស្វែងរកសេវាព្យាបាលទាន់ពេលវេលា ប្រសិនបើមានរោគសញ្ញាដូចជា ក្តៅខ្លួនខ្លាំងភ្លាមៗ (ចាប់ពី ៣៩អង្សាសេឡើងទៅ) មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬឈឺសន្លាក់ ត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។
ក្រុមការងារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប កុំធ្វើការព្យាបាលដោយខ្លួនឯង និងមិនត្រូវប្រើប្រាស់ថ្នាំអាស្ពីរីន (Aspirin) ឬអ៊ីប៊ុយប្រូហ្វែន (Ibuprofen) ដោយគ្មានការណែនាំពីគ្រូពេទ្យជំនាញឡើយ។ ទន្ទឹមនឹងនេះ ក៏មិនគួរស្វែងរកសេវាព្យាបាលពីកន្លែងដែលគ្មានជំនាញវិជ្ជាជីវៈនោះដែរ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ៕
ដោយ៖ ប៉ៃ សុឃីម







