គណៈប្រតិភូមកពី៣៧ប្រទេស អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនៅខេត្ដសៀមរាបនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះក៏មានការចូលរួមពីគណៈប្រតិភូចំនួន៤នាក់ របស់ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ (KPS 99 TV)ផងដែរ។
សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ រៀបចំឡើងដោយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) សហការជាមួយក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅក្រោមប្រធានបទ៖ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ» ដែលមានអ្នកតំណាងវិស័យព័ត៌មានដល់ទៅ៧០០នាក់ មកពី៣៧ប្រទេសនៅលើពិភពលោក ចូលរួមពិភាក្សាអំពីការអភិវឌ្ឍវិស័យព័ត៌មាន, ការវិវឌ្ឍន៍យុគ្គសម័យឌីជីថល បញ្ញាសុប្បនិមត្ត និងបញ្ហាប្រឈមជាសកល។
បើតាមឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២១កក្កដាថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ មានការចូលរួមពីបណ្តាប្រទេសជាច្រើន ដែលបានបង្ហាញពីភាពជាក់ស្តែងថា កម្ពុជាជាប្រទេស មានសុខសន្តិភាព និងជាប្រទេសដែលអាចទទួលរៀបចំព្រឹត្តិការណ៍ក្នុងកម្រិតអន្តរជាតិ។
ឯកឧត្តម បន្តថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី ក៏បានលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍរបស់កម្ពុជា ដែលជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងការរីកចម្រើនរបស់កម្ពុជា ដោយបង្ហាញពីសន្តិភាពនិងវឌ្ឍនភាពរបស់ប្រទេស។ បន្ថែមពីនោះ ក៏បានបង្ហាញពីវឌ្ឍនភាពសន្តិភាព និងសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ទៅកាន់អ្នកចូលរួមរាប់រយនាក់មកពីជុំវិញពិភពលោក។ ឯកឧត្តម បន្តថា ក្រុងសៀមរាប ដែលជាតំបន់សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ និង ប្រវត្តិសាស្ត្រ រួមទាំងរមណីយដ្ឋានអង្គរវត្ត នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
ទន្ទឹមនឹងនេះ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ (KPS 99 TV) ជាកម្លាំងដ៏សំខាន់មួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កម្ពុជា។ ស្ថានីយ KPS 99 TV នឹងយកកិច្ចប្រជុំកំពូលនេះ ជាឱកាសមួយ ដើម្បីស្រូបយកបទពិសោធន៍ ដើម្បីបង្កើនសមត្ថភាពបច្ចេកវិទ្យានៃការបង្កើតមាតិកា និងផ្ដល់នូវព័ត៌មានពិតដែលមានតម្លៃចំពោះសាធារណជន។ ម៉្យាងវិញទៀត នឹងបន្តពង្រឹងកិច្ចសហការជាមួយសារព័ត៌មាននានានៅក្នុងតំបន់អាស៊ី ដើម្បីជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌ ការចែករំលែកព័ត៌មាន និងជួយកសាងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ប្រកបដោយភាពសកម្ម និងជឿទុកចិត្តបានផងដែរ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ Chen Xuexian













