នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ពន្ធនាគារខេត្តកែប ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកែប និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមបានពិនិត្យស្ថានភាពសាងសង់ជាក់ស្តែង និងស្តាប់របាយការណ៍ពីមន្ត្រីជំនាញ ដើម្បីធានាថាការអនុវត្តគម្រោងប្រព្រឹត្តទៅតាមផែនការ ប្រកបដោយគុណភាព បច្ចេកទេស និងសុវត្ថិភាពខ្ពស់។
បច្ចុប្បន្ន គម្រោងសាងសង់ពន្ធនាគារខេត្តកែបកំពុងស្ថិតក្នុងដំណាក់កាលទី១ ដោយអគារឃុំកម្ពស់ ២ជាន់ មាន ១២បន្ទប់ និងអគាររដ្ឋបាលកម្ពស់ ១ជាន់ មាន ៥បន្ទប់ សម្រេចការសាងសង់បានប្រមាណ ៩៨ភាគរយដូចគ្នា។ ចំណែកការងារឈូសឆាយ និងពង្រាបទីតាំងដី សម្រេចបានប្រមាណ ៧០ភាគរយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំដល់អង្គភាពជំនាញ និងភាគីពាក់ព័ន្ធ ឱ្យបន្តពន្លឿនការងារដែលនៅសេសសល់ ដោយផ្តោតលើគុណភាពសំណង់ សុវត្ថិភាពការងារ និងស្តង់ដារបច្ចេកទេស ដើម្បីឱ្យពន្ធនាគារខេត្តកែបអាចដាក់ឱ្យប្រើប្រាស់បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ពន្ធនាគារថ្មីនេះ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធវិស័យពន្ធនាគារ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងជនជាប់ឃុំ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ៖ ប៉ៃ សុឃីម











