跳至正文
西哈努克省电视台 · 官方网站
登录

ប្រតិបត្តិការបង្ក្រាបព្រមគ្នាទ្រង់ទ្រាយធំបិទឃ្លាំងស្តុកសាច់បង្កកនាំចូលពីថៃ និងរុករកទីតាំងOnline Scams ជិត១០០កន្លែងនៅភ្នំពេញ

KPS99TV历史原文 · 暂无当前语言译文

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយក្នុងពេលតែមួយ ដោយបានចុះត្រួតពិនិត្យទីតាំងសង្ស័យជាច្រើនកន្លែងទូទាំងរាជធានី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។ យុទ្ធនាការស្របគ្នានេះ ផ្តោតទៅលើការស្វែងរកផលិតផលបង្កកខុសច្បាប់ និងការបោសសម្អាតសម្បុកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះ បានឱ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យឃ្លាំងទំនិញតូច-ធំ ចំនួន ១២កន្លែង ដែលសង្ស័យថាមានការចរាចរផលិតផលបង្កកពីប្រទេសថៃនោះ សមត្ថកិច្ចចម្រុះរួមមានកម្លាំងរដ្ឋបាលខណ្ឌទាំង១៤ នគរបាល អាវុធហត្ថ និងមន្ត្រី ក.ប.ប ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានរកឃើញទីតាំងល្មើសមួយកន្លែង។
ទីតាំងនោះស្ថិតនៅផ្ទះលេខ៣៥២ ផ្លូវ៣៥១ ក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលជាឃ្លាំងស្តុកគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗនាំចូលពីបរទេស សរុបចំនួន ១.៦៤៧កេស (ស្មើនឹង ១៤.៦៣៨,៥ គីឡូក្រាម)។ ក្នុងនោះ ទំនិញចំនួន ១៧មុខ មានប្រភពនាំចូលពីប្រទេសថៃ ហើយអ្វីដែលគួរឱ្យបារម្ភនោះគឺ ក្រុមការងារបានរកឃើញភេសជ្ជៈហួសកាលបរិច្ឆេទប្រើប្រាស់ (ខូចគុណភាព) ចំនួន ២មុខ រួមមាន ទឹកតែអូអ៉ិឈិ ៣៤កេស និងទឹកវីតាមីន Blue ៤កេស។ បច្ចុប្បន្ន ទីតាំងនេះត្រូវបានសម្រេចបិទឃ្លុំបណ្តោះអាសន្នដើម្បីបន្តនីតិវិធីច្បាប់។
ដោយឡែកនៅក្នុងថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានពង្រាយកម្លាំងចុះពិនិត្យគោលដៅសង្ស័យផ្សេងទៀត រួមមាន អគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ចំនួន ៨៨ទីតាំង ក្នុងភូមិសាស្ត្រភ្នំពេញ ដើម្បីស្វែងរក និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ទោះជាយ៉ាងណា នៅក្នុងការឆែកឆេរលើទីតាំងទាំង ៨៨កន្លែងនោះ ក្រុមការងារមិនបានរកឃើញសញ្ញានៃបទល្មើសអ្វីឡើយ។
ជុំវិញយុទ្ធនាការក្តៅគគុកនេះ ឯកឧត្ដម ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ដល់អភិបាលខណ្ឌទាំង១៤ មិនឱ្យដកថយឡើយ ពោលគឺត្រូវបន្តចុះពិនិត្យឃ្លាំងស្តុកទំនិញ និងផលិតផលបង្កកសង្ស័យដែលមានប្រភពពីប្រទេសថៃឱ្យបានម៉ត់ចត់បំផុត។ ប្រធានគណៈបញ្ជាការឯកភាពរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើរកឃើញករណីល្មើស ត្រូវតែស៊ើបអង្កេតដេញដោលរកប្រភពឱ្យច្បាស់លាស់ ទាំងអត្តសញ្ញាណអ្នកនាំចូល ច្រកព្រំដែន អាជ្ញាបណ្ណ ព្រមទាំងអ្នកដឹកជញ្ជូន និងត្រូវបន្តយុទ្ធនាការបង្ក្រាប Online Scams ទៅមុខស្របគ្នាតែម្តង៕
ដោយ ៖ ឡាយ កុល

评论

正在加载评论…