跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅបន្ទាយមានជ័យ ខណៈកម្ពុជាជំរុញឱ្យពន្លឿនការវាស់វែងខ្សែព្រំដែនជាមួយថៃ

KPS99TV历史原文 · 暂无当前语言译文

បន្ទាយមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team - AOT) ដឹកនាំដោយប្រធានបេសកកម្មមកពីប្រទេសហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខជនភៀសសឹកនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលរបស់ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ ការចុះបេសកកម្មនេះមានគោលបំណងពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពប្រជាពលរដ្ឋកម្ពុជាដែលនៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនបាននៅឡើយ ដោយសារតែផលប៉ះពាល់ពីការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួន។ ស្ថានភាពនេះបានបណ្តាលឱ្យមានការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា ការចុះពិនិត្យដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាការបង្ហាញពីភាពចាំបាច់ក្នុងការពន្លឿនដំណើរការវាស់វែង និងកំណត់ខ្សែព្រំដែនរវាងកម្ពុជា និងថៃ តាមរយៈគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។

ការអនុវត្តការងារនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋស៊ីវិលដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារ និងថែរក្សាបូរណភាពទឹកដី ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ គោលការណ៍ Uti Possidetis Juris អនុសញ្ញា និងសន្ធិសញ្ញាពាក់ព័ន្ធ ព្រមទាំងផែនទី និងឯកសារផ្លូវការនានាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ជាដាច់ខាតចំពោះការកែប្រែខ្សែព្រំដែនណាមួយដែលកើតឡើងដោយការប្រើប្រាស់កម្លាំង ឬសកម្មភាពផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិនោះឡើយ៕ ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…