跳至正文
西哈努克省电视台 · 官方网站
登录

ចាប់អ្នកឆក់ត្រីនៅតំបន់អភិរក្សបឹងទន្លេសាបបាន១៧២នាក់តែរត់គេចខ្លួនអស់១៣២នាក់

KPS99TV历史原文 · 暂无当前语言译文

កម្លាំងយោធាចុះបង្ក្រាបក្រុមអ្នកឆក់ត្រីដោយប្រើអាគុយស្ពាយពីក្រោយខ្នងប្រមាណ ១៧២នាក់ នៅពេលដែលពួកគេកំពុងធ្វើសកម្មភាពឆក់ត្រីក្នុងតំបន់អភិរក្ស ដែលជាអតីតឡូតិ៍នេសាទលេខ២ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាប ដោយសារកម្លាំងមានចំនួនតិច ក្រុមអ្នកឆក់ត្រីបាននាំគ្នាបុករត់គេចខ្លួនចំនួនពីរលើក។ លើកទី១ មានអ្នករត់គេចអស់ចំនួន ១២០នាក់ និងលើកទី២ រត់គេចអស់ ១២នាក់ទៀត ពោលនៅសល់ត្រឹមតែ ៤០នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន អ្នកដែលត្រូវបានឃាត់ខ្លួនកំពុងត្រូវបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ការប្រើឧបករណ៍ឆក់ត្រីត្រូវបានចាត់ទុកថា ជាបទល្មើសដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប ព្រោះវាបំផ្លាញទាំងត្រីតូច ត្រីធំ និងសត្វទឹកផ្សេងៗជាច្រើនប្រភេទ។ ដោយឡែក កាលពីខែឧសភាកន្លងទៅ កម្លាំងយោធាក៏ធ្លាប់បង្ក្រាបអ្នកឆក់ត្រីបានម្នាក់ផងដែរ។ ករណីនោះ បានធ្វើឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គម ដោយមនុស្សមួយចំនួនសម្តែងការអាណិតអាសូរចំពោះស្ថានភាពជីវភាពរបស់អ្នកប្រព្រឹត្ត និងស្នើឱ្យមានការដោះលែងទៀតផង។
ប៉ុន្តែទោះជាយ៉ាងណា ការអាណិតអាសូរមិនគួរក្លាយជាហេតុផលសម្រាប់អត់ឱនចំពោះអំពើល្មើសច្បាប់នោះទេ។ នេះបើតាមមតិសាធារណៈមួយចំនួន ដោយលើកហេតុផលថា ព្រោះអាចធ្វើឱ្យអ្នកប្រព្រឹត្តបទល្មើសមិនខ្លាចច្បាប់ និងប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់៕ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…