ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តតាមដានលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងផ្តល់ការគាំទ្រដល់ភាពត្រឹមត្រូវ យុត្តិធម៌ ដោយផ្អែកលើច្បាប់អន្តរជាតិ ជាជាងការគាំទ្រប្រទេសមួយ ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត។ ឯកឧត្តមអំពាវនាវដូច្នេះនៅចំពោះមុខអ្នកតំណាងមកពីបណ្តាប្រទេសផ្សេងៗក្នុងសន្និសីទអន្តរជាតិ ស្តីពីការកសាងសន្តិភាពនៅតំបន់កូកាស៊ីសខាងត្បូង ក្នុងប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៥ ខែមិថុនា។
មុននឹងមានសេចក្ដីអំពាវនាវខាងលើ អនុប្រធានព្រឹទ្ធសភាកម្ពុជារូបនេះ ក៏បានលាតត្រដាងពីសកម្មភាពឈ្លានពានទាំងកម្រោលរបស់យោធាថៃមកលើកម្ពុជាម្ដងហើយម្ដងទៀត ដោយនៅចុងក្រោយនេះក្នុងឆ្នាំ២០២៥ ភាពតានតឹងបានវិលត្រឡប់មកវិញ បន្ទាប់ពីទាហានកម្ពុជាម្នាក់ត្រូវបានទាហានថៃបាញ់សម្លាប់។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចា និងយន្តការអន្តរជាតិ ព្រមទាំងស្វាគមន៍អ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីពង្រឹងតម្លាភាព និងទំនុកចិត្តក្នុងការដោះស្រាយជម្លោះព្រំដែន។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា កម្ពុជាបន្តរង់ចាំការឆ្លើយតបពីភាគីថៃលើការចរចាព្រំដែនគោក និងការកំណត់ព្រំដែន ខណៈបញ្ហាព្រំដែនសមុទ្រត្រូវបានកម្ពុជាជ្រើសរើសដោះស្រាយតាមយន្តការនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានលុបចោល MoUជាឯកតោភាគី។ ប្រទេសទាំងពីរ កំពុងរៀបចំសម្រាប់ការផ្សះផ្សាជាកាតព្វកិច្ចនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យប្រទេសទាំងអស់ជ្រើសរើសការសន្ទនា និងការចរចាជំនួសការប្រើប្រាស់អំពើហិង្សា ដើម្បីការពារសន្តិភាព អធិបតេយ្យភាព និងនីតិរដ្ឋនៅលើពិភពលោក៕
ដោយ៖ ឡាយ កុល





