(កំពង់ធំ) ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងខេត្តកំពង់ធំ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង តាមរយៈគម្រោងស្ថាបនាផ្លូវចល័តចំនួន ៩ ខ្សែ ក្រោមការជ្រោមជ្រែងពីដៃគូអភិវឌ្ឍន៍ និងដឹកនាំអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។ នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដ្ឋានផ្ទាល់ ដើម្បីវាយតម្លៃពីវឌ្ឍនភាពការងារ៖
វឌ្ឍនភាពនៃខ្សែផ្លូវទាំង ៩ ខ្សែ៖
ខ្សែផ្លូវដែលបានស្ថាបនារួចរាល់ ១០០% (គិតត្រឹមខែឧសភា ឆ្នាំ២០២៥)៖
ខ្សែទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១,១០ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិបន្ទាយស្ទោង ទៅកាន់ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ នៅលើខ្សែផ្លូវនេះ មានការស្ថាបនាផ្លូវស្ពានបេតុងចំនួន ២ ទីតាំង ដែលទីតាំងទី១ មានប្រវែង ៦០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងទីតាំងទី ២ មានប្រវែង ៣០ ម៉ែត្រ ទទឹង ៨ម៉ែត្រ។
ខ្សែផ្លូវនិងស្ពាននេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយត្រូវបានអនុវត្តការងារសាងសង់ដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ។
ខ្សែទី២៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៨,៧១ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ទៅដល់ភូមិកណ្តោលចាស់ ឃុំព្រះដំរី ស្រុកស្ទោង។ ផ្លូវនេះត្រូវបានបញ្ចប់ការសាងសង់ ១០០% នៅក្នុងខែឧសភា ឆ្នាំ២០២៥។
ខ្សែទី៣៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៨,៩០ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិនិម្មិត ទៅដល់ភូមិឈូករំដួល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ផ្លូវនេះចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពបាន ៤៤,៥០% គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២៦។
ខ្សែទី៤៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែង ៤,៤៥ គ.ម ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីភូមិមឈាយ ទៅដល់ភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ផ្លូវនេះបញ្ចប់ការងារសាងសង់ ១០០% នៅក្នុងខែឧសភា ឆ្នាំ២០២៥។
ខ្សែទី៥៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៩,៥០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិឥន្ទកុមារ ទៅកាន់ភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៨០%។
ទីតាំងទី ៦៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៤,៦០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ឈើទាល ទៅកាន់ភូមិប្រឡាយ ឃុំសំបូរណ៍ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៥៣%។
ខ្សែទី ៧៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៦,៨០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ឈើទាល ទៅកាន់ភូមិគោកស្រុក ឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៧៦%។
ខ្សែទី ៨៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៥,៣០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិតាំងក្រសៅ ទៅកាន់ភូមិប្រឡាយ ឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៤៦%។
ខ្សែទី៩ ៖ផ្លូវមានប្រវែង ៣២ គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៩ ភូមិ ក្នុងឃុំចំនួន ៣ឃុំ ក្នុងស្រុកសន្ទុក និងស្រុកប្រាសាទសំបូរ។ ផ្លូវ ១ ខ្សែនេះ ជាផ្លូវដែលមានសក្ដានុពលយ៉ាងខ្លាំងក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដោយតភ្ជាប់ពីស្រុក១ ទៅកាន់ស្រុក១ទៀត តាមរយៈវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្មដំណាំកៅស៊ូជាដើម ប៉ុន្ដែបច្ចុប្បន្នផ្លូវនេះសភាពខូចខាតយ៉ាងខ្លាំង។
ការអន្តរាគមន៍លើស្ពានចាស់ៗទ្រុឌទ្រោម៖
ក្នុងដំណើរការចុះពិនិត្យនេះ លោករដ្ឋមន្ត្រីក៏បានទៅពិនិត្យស្ថានភាពស្ពានចាស់ៗចំនួន ២ កន្លែង ដែលឆ្លងកាត់ស្ទឹងស្ទោង ហើយកំពុងបង្កហានិភ័យដល់ការធ្វើដំណើររបស់ពលរដ្ឋ៖
១. ស្ពានយោលខ្សែកាបដែក៖ (៦០ម x ១,២ម) ភ្ជាប់ភូមិព្រុំស្រី ទៅចំបក់បញ្ញា ដែលបម្រើពលរដ្ឋប្រមាណ ៩០០ គ្រួសារ។
២. ស្ពានឈើ៖ (៩៣ម x ១,២ម) ភ្ជាប់ភូមិត្រពាំងព្រីង ទៅភូមិអូរអង្គរ ដែលបម្រើពលរដ្ឋ ៥ ភូមិ (ប្រមាណ ៧៦៧ គ្រួសារ)។
ដោយសារស្ពានទាំងពីរមានសភាពចាស់ខ្លាំង និងតូចចង្អៀត លោក ឆាយ ឫទ្ធិសែន បានបញ្ជាឱ្យមន្ទីរជំនាញខេត្ត ចុះសិក្សាជាបន្ទាន់ ដើម្បីត្រៀមប្តូរជំនួសដោយស្ពានដែកបេឡេទី៍ (Bailey Bridge) វិញ ដើម្បីធានាសុវត្ថិភាពខ្ពស់ ងាយស្រួលឆ្លងកាត់ និងដឹកជញ្ជូនកសិផលបានទាន់ពេលវេលា៕
អត្ថបទ ៖ ឡាយ កុល






