ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីអគ្គិភ័យសរុបចំនួន ១៧ករណី ថយចុះ ៨ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ករណីភាគច្រើនកើតឡើងនៅក្រុងព្រះសីហនុ ចំនួន ១៥ករណី ខណៈស្រុកកំពង់សិលា និងស្រុកព្រៃនប់ មានមួយករណីដូចគ្នា។
នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងទទួលផែនពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នារៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៦នេះ។
លោកបានបន្ថែមថា មូលហេតុចម្បងនៃអគ្គិភ័យ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី និងការធ្វេសប្រហែស ដែលមានចំនួន ៧ករណីស្មើគ្នា ខណៈ ៣ករណីទៀតកំពុងស្ថិតក្នុងការស្រាវជ្រាវ។ អគ្គិភ័យបានបង្កការខូចខាតដល់ផ្ទះ បន្ទប់ស្នាក់នៅ ផ្ទះបាយ ឃ្លាំងដាក់ឈើ រថយន្ត និងប្រព័ន្ធខ្សែភ្លើងមួយចំនួន។
ហើយកម្លាំងជំនាញបានចេញអន្តរាគមន៍ពន្លត់អគ្គិភ័យទាន់ពេលវេលាចំនួន ១៣ករណី ដោយប្រើប្រាស់ទឹកប្រមាណ ១៧០ម៉ែត្រគូប។ ក្នុងចំណោមករណីទាំងអស់ មានមនុស្សរងរបួសស្រាល ៣នាក់ និងមិនមានអ្នកស្លាប់នោះឡើយ។
លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ បញ្ជាក់បន្ថែមថា អង្គភាពបានបន្តពង្រឹងការងារបង្ការ តាមរយៈការបណ្តុះបណ្តាល និងហ្វឹកហាត់ ៣៦លើក ដល់បុគ្គលិក កម្មករ តាមបណ្តារោងចក្រ ក្រុមហ៊ុន សណ្ឋាគារ ចុះផ្សព្វផ្សាយ និងត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យ ១៤លើក នៅគោលដៅ ៥០កន្លែង ព្រមទាំងបង្កើតក្រុមអគ្គិភ័យស្ម័គ្រចិត្តចំនួន ១៥នាក់។
ទោះជាយ៉ាងណា ការងារបង្ការ និងសង្គ្រោះនៅតែប្រឈមនឹងបញ្ហាខ្វះឧបករណ៍សំខាន់ៗ អគារខ្ពស់ដែលពិបាកសង្គ្រោះ ផ្លូវតូចចង្អៀតមួយចំនួន និងសំណង់អគារប្រមាណ ៧០ភាគរយ ដែលមិនទាន់មានប្រព័ន្ធសុវត្ថិភាពអគ្គិភ័យគ្រប់គ្រាន់។
ទិសដៅបន្ត ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ យកចិត្តទុកដាក់ឃោសនាផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីការប្រើប្រាស់ឧបករណ៍ងាយឆេះ និង ត្រៀមកម្លាំងប្រចាំការនៅការិយាល័យ២៤ម៉ោងលើក២៤ម៉ោង ដើម្បីធ្វើអន្តរាគមន៍ពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ៕
ដោយ៖ ប៉ៃ សុឃីម














