跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសម្ភពថ្មីនៅមណ្ឌលសុខភាពតក្កវិត និង លើកកម្ពស់សេវាសុខាភិបាល

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសម្ភពថ្មី នៅមណ្ឌលសុខភាពតក្កវិត ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រីវេជ្ជបណ្ឌិត ទូច ច័ន្ទដារ៉ា ប្រធានមណ្ឌលសុខភាពតក្កវិត បានឱ្យដឹងថា មណ្ឌលសុខភាពនេះមានផ្ទៃដីជិត ១ហិកតា និងមានបុគ្គលិកបម្រើការងារចំនួន ១១នាក់។ អគារសម្ភពថ្មីដែលកំពុងសាងសង់មានប្រវែង ២៥ម៉ែត្រ និងទទឹង ៣,៥ម៉ែត្រ ដោយត្រូវបានបំបែកចេញពីអគារពិនិត្យព្យាបាលជំងឺទូទៅ ដើម្បីធានាសុវត្ថិភាពសុខភាពមាតា និងទារកទើបកើត ព្រមទាំងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺផ្សេងៗ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យមណ្ឌលសុខភាពរៀបចំវេនគ្រូពេទ្យប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ក៏បានជំរុញឱ្យរៀបចំបរិស្ថាន និងសោភ័ណភាពក្នុងមណ្ឌលសុខភាពឱ្យកាន់តែល្អប្រសើរ តាមរយៈការរៀបចំសួនច្បារ ដាំដើមឈើ និងកែលម្អទីធ្លាជុំវិញឱ្យមានផាសុកភាពសម្រាប់អ្នកជំងឺ និងក្រុមគ្រួសារ។

ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានសង្កត់ធ្ងន់លើការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល និងណែនាំឱ្យក្រុមការងារបច្ចេកទេសពន្លឿនការសាងសង់អគារសម្ភពថ្មី ប៉ុន្តែត្រូវធានាគុណភាព និងស្តង់ដារបច្ចេកទេស ដើម្បីអាចប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញសួរសុខទុក្ខស្ត្រីទើបសម្រាលកូនចំនួន ២នាក់ និងឧបត្ថម្ភថវិកាលើកទឹកចិត្តម្នាក់ៗចំនួន ២០ម៉ឺនរៀល ព្រមទាំងជូនពរឱ្យមាតា និងទារកទាំងអស់មានសុខភាពល្អ និងរស់នៅប្រកបដោយសុភមង្គល៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…