ក្រោយពីគណនីហ្វេសប៊ុកឈ្មោះភក្តីនាយ (PKN) ចែករំលែកព័ត៌មានទាក់ទិននឹងរោងចក្រទឹកកកមួយកន្លែងឈ្មោះ «ផ្កាយទឹកកក» ស្ថិតក្នុងស្រុកត្រាំកក់ បានកាប់ឆ្ការព្រៃនិងទន្ទ្រានយកដីភ្នំធ្វើជាកម្មសិទ្ធិ អាជ្ញាធរខេត្តតាកែវសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ និងខណ្ឌរដ្ឋបាលព្រៃឈើតាកែវ រួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងជាក់ស្តែងជាបន្ទាន់កាលពីថ្ងៃទី២០ ខែមិថុនាម្សិលមិញ។
ការចុះពិនិត្យនេះ មន្រ្តីជំនាញបានរកឃើញដូចអ្វីដែលគណនីហ្វេសប៊ុកខាងលើផ្សព្វផ្សាយមែន ពោលគឺម្ចាស់រោងចក្រទឹកកកឈ្មោះ ខូវ ស៊ាង ង៉ុន់ បានរំលោភយកដីសហគមន៍ព្រៃឈើនៅខាងក្រោយរោងចក្ររបស់ខ្លួនពិតប្រាកដមែន ដោយបានចាក់បង្គោលរបងបេតុងហ៊ុព័ទ្ធចំនួន១៣បង្គោល និងបណ្តុះបង្គោលដែកចំនួន ៣១ដើមចូលទៅក្នុងដីសហគមន៍ព្រៃឈើត្រាំកក់។
ទន្ទឹមនឹងនេះ ក្រុមការងារជំនាញ បានកោះហៅម្ចាស់ទីតាំងមកធ្វើការណែនាំ និងពន្យល់យ៉ាងច្បាស់លាស់អំពីច្បាប់ស្តីពីព្រៃឈើ ហើយបានកំណត់ឱសានវាទឱ្យរុះរើ និងវាយកម្ទេចសំណង់ខុសច្បាប់ទាំងនោះឱ្យបានរួចរាល់ទាំងស្រុងនៅមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ។ ក្នុងនោះ ភាគីម្ចាស់ទីតាំងដែលតំណាងដោយលោក ម៉េង ពាច បានទទួលស្គាល់កំហុស និងយល់ព្រមតាមការណែនាំរបស់អាជ្ញាធរ ដោយបានឯកភាពវាយកម្ទេច និងរុះរើរបងដែលបានសង់រំលោភនោះចេញវិញ។
ទោះបីជាយ៉ាងណា មន្ទីរបរិស្ថានខេត្តតាកែវ រួមនឹងអាជ្ញាធរពាក់ព័ន្ធ ថានឹងបន្តតាមដានហើយឃ្លាំមើលករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា ការអនុវត្តច្បាប់ត្រូវបានធ្វើឡើងយ៉ាងម៉ឺងម៉ាត់ និងគ្មានការលើកលែងឡើយ៕ ដោយ៖ ង៉ែត ពិសាន្ត






