វៀតណាមបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។ ការបញ្ជាក់ដូច្នេះ ធ្វើឡើងនៅក្នុងជំនួបពុភាក្សាការងាររវាងឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ វូ ហុងសឺន (VU HONG SON) មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាសនៃកងទ័ពប្រជាជនវៀតណាម នៅរសៀលថ្ងៃទី២២ ខែមិថុនា។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងទ័ពការពារអាកាសនៃប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងស៊ីជម្រៅដែលមានជាយូរមកហើយ ដោយបានលើកឡើងថា នាយទាហានកម្ពុជាមួយចំនួនត្រូវបានទទួលការបណ្តុះបណ្តាលនៅវៀតណាម ដែលជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស និងរឹតចំណងមិត្តភាពរវាងកងទ័ពទាំងពីរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានចាត់ទុកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពកម្ពុជា-វៀតណាមត្រូវបានពង្រឹងជាបន្តបន្ទាប់។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា វៀតណាមបានផ្តល់ការគាំទ្រនិងជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងអាកាស។
ឯកឧត្តម បានថ្លែងអំណរគុណវៀតណាមដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានចាត់បញ្ជូននាយទាហានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ឯកឧត្តម ក៏បានស្នើឱ្យវៀតណាមបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃឱ្យបានយូរអង្វែង៕
ដោយ៖ ង៉ែត ពិសាន្ត










