跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋបាលខេត្តព្រះសីហនុ និងស្ថានីយទូរទស្សន៍ខេត្ត ពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍ និងកសាងម៉ាកសញ្ញាទីក្រុងឆ្ពោះទៅទីផ្សារអន្តរជាតិ

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូតំណាងរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរព័ត៌មានខេត្ត បានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ សំដៅលើកកម្ពស់សក្តានុពលទេសចរណ៍ ការវិនិយោគ និងរូបភាពវិជ្ជមានរបស់ខេត្តទៅកាន់ឆាកអន្តរជាតិ។

ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្តោតសំខាន់លើការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយរួម ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ហាញសមិទ្ធផល កាលានុវត្តភាព និងសក្តានុពលអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ។ ភាគីទាំងពីរក៏បានពិភាក្សាលម្អិតអំពីការបង្កើត និងគ្រប់គ្រងគណនី WeChat ផ្លូវការរបស់រដ្ឋបាលខេត្ត ការចែករំលែកប្រភពព័ត៌មាន ការសម្របសម្រួលការផ្សាយព័ត៌មានព្រឹត្តិការណ៍សំខាន់ៗ និងការកសាងបណ្តាញប្រព័ន្ធផ្សព្វផ្សាយចម្រុះឱ្យកាន់តែទូលំទូលាយ។

ជាពិសេស ស្របពេលកម្ពុជាបន្តអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញយុទ្ធនាការផ្សព្វផ្សាយតម្រង់ទិសទៅកាន់ទីផ្សារទេសចរចិន ដោយផ្តោតលើការផ្តល់ព័ត៌មានទេសចរណ៍ប្រកបដោយគុណភាព ការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗ និងការលើកកម្ពស់ភាពទាក់ទាញរបស់ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ និងវិនិយោគដ៏មានសក្តានុពល។

ភាគីទាំងពីរបានវាយតម្លៃថា ការរួមបញ្ចូលគ្នារវាងសមត្ថភាពរដ្ឋបាល និងកម្លាំងប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាសំខាន់ក្នុងការផ្សព្វផ្សាយរឿងរ៉ាវនៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនការទទួលស្គាល់ និងភាពជឿជាក់ពីសាធារណជន អ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ។

កិច្ចប្រជុំនេះបានរួមចំណែកពង្រឹងទំនាក់ទំនង និងការសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលខេត្ត និងស្ថាប័នព័ត៌មានក្នុងមូលដ្ឋាន ព្រមទាំងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងឱកាសវិនិយោគរបស់ខេត្តព្រះសីហនុទៅកាន់ទីផ្សារអន្តរជាតិ។

នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយទំនើប និងពហុវេទិកា ដើម្បីលើកកម្ពស់ម៉ាកសញ្ញាទីក្រុង (City Brand) របស់ខេត្តព្រះសីហនុ បង្កើនភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ ទាក់ទាញវិនិយោគ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយគុណភាព និងចីរភាព៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…