跳至正文
西哈努克省电视台 · 官方网站
登录

ប៉ុស្តិ៍នគរបាលសង្កាត់កោះរ៉ុងសន្លឹម ផ្សព្វផ្សាយអប់រំសិស្សអំពីការបង្ការគ្រឿងញៀន និងសុវត្ថិភាពសង្គម

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យរ៉ុងសន្លឹម ស្ថិតក្នុងភូមិ២៣ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

ការផ្សព្វផ្សាយនេះ បានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ ការយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀន និងវិធីបង្ការ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការយល់ដឹងអំពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងវិធានការសុវត្ថិភាព ព្រមទាំងការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ស្តីពីការប្រមូលផ្តុំ ដោយណែនាំមិនឱ្យស្នាក់នៅខុសច្បាប់ និងមិនឱ្យជួលផ្ទះ ឬទីតាំងពាក់ព័ន្ធនឹងសកម្មភាពល្បែងអនឡាញខុសច្បាប់។

ជាមួយគ្នានេះ មន្ត្រីនគរបាលក៏បានណែនាំសិស្សានុសិស្សឱ្យស្គាល់ និងប្រើប្រាស់កម្មវិធី NoDrug App ដើម្បីចូលរួមទប់ស្កាត់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សកម្មភាពនេះ មានការចូលរួមពីអ្នកគ្រូបង្រៀន មន្ត្រីនគរបាលប៉ុស្តិ៍ និងសិស្សានុសិស្សសរុបចំនួន ២៣នាក់ ក្នុងនោះស្រី ១៤នាក់។

ការផ្សព្វផ្សាយ និងអប់រំជាប្រចាំបែបនេះ គឺជាផ្នែកសំខាន់មួយក្នុងការបង្កើនការយល់ដឹងដល់យុវជន និងសហគមន៍ ដើម្បីរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកសាងភូមិ-ឃុំ-សង្កាត់ឱ្យមានសុវត្ថិភាព៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…