跳至正文
西哈努克省电视台 · 官方网站
登录

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ចុះអនុស្សរណៈជាមួយវិទ្យាល័យ ១១ ក្នុងខេត្ត ដើម្បីពង្រឹងការអប់រំ និងបណ្តុះបណ្តាលជំនាញដល់យុវជន

KPS99TV历史原文 · 暂无当前语言译文

នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាល័យចំនួន ១១ នៅជុំវិញខេត្តព្រះសីហនុ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការអប់រំ ការតម្រង់ទិសអាជីព និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស។

ពិធីនេះត្រូវបានប្រារព្ធឡើងនៅបរិវេណវិទ្យាស្ថានផ្ទាល់ ក្រោមការចូលរួមពីលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយិកាវិទ្យាល័យទាំង ១១ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងគ្រឹះស្ថានអប់រំទូទៅ និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនឱកាសឱ្យសិស្សានុសិស្សទទួលបានព័ត៌មានច្បាស់លាស់អំពីជំនាញដែលទីផ្សារការងារកំពុងត្រូវការ និងអាចជ្រើសរើសមុខជំនាញសមស្របទៅនឹងសមត្ថភាព និងបំណងប្រាថ្នារបស់ខ្លួន។

ក្នុងឱកាសនោះផងដែរ លោកស្រីប្រធានមន្ទីរ និងលោកនាយកវិទ្យាល័យទាំង ១១ បានអញ្ជើញទស្សនកិច្ចតាមរោងជាង និងបន្ទប់អនុវត្តន៍នានារបស់វិទ្យាស្ថាន ដើម្បីស្វែងយល់ពីសកម្មភាពបណ្តុះបណ្តាល សម្ភារៈបរិក្ខារ និងសក្តានុពលនៃការអភិវឌ្ឍជំនាញបច្ចេកទេសដែលកំពុងបំពេញតម្រូវការទីផ្សារការងារក្នុងតំបន់ និងថ្នាក់ជាតិ។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ជំនាញ និងភាពប្រកួតប្រជែង ស្របតាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្ត និងប្រទេសជាតិ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…