跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខ និងលើកទឹកចិត្តវីរកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យ

KPS99TV历史原文 · 暂无当前语言译文

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦  ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នូវគ្រឿងចក្រអេស្តាវ៉ាទ័រ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភដល់នាយ នាយរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៤ និងកងពលតូចអត្តរាគមន៍លេខ២ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ជួរមុខ ស្ថិតក្នុងភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ។

ដំណើរចុះសួរសុខទុក្ខនេះ ត្រូវបានទទួលស្វាគមន៍ដោយលោក ហោ ជីនវីរយុទ្ធ និងឯកឧត្តម កែវ ផា មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងជាប្រធានគណៈបញ្ជាការឯកភាពសមភូមិទិសទី៣ នៃយោធភូមិភាគទី៤។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់វីរកងទ័ពទាំងអស់ ព្រមទាំងបានកោតសរសើរចំពោះស្មារតីលះបង់ និងភាពក្លាហានរបស់កងកម្លាំងជួរមុខ ដែលបានបំពេញភារកិច្ចការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋជាង ១៧លាននាក់នៅទូទាំងប្រទេស តែងតែឈរនៅពីក្រោយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរកងទ័ពនៅសមរភូមិមុខ ហើយសកម្មភាពមនុស្សធម៌ និងការឧបត្ថម្ភពីសមរភូមិក្រោយ គឺជាការបង្ហាញពីសាមគ្គីភាព និងការចែករំលែកជាមួយកងកម្លាំងដែលកំពុងការពារអធិបតេយ្យភាពជាតិ។

ឯកឧត្តមអភិបាលខេត្តក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់ និងយន្តការការទូត ដើម្បីធានាស្ថិរភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការល្អនៅតាមបណ្ដោយព្រំដែន។

ក្នុងឱកាសនោះ អំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលផ្ដល់ជូនកងពលតូចអន្តរាគមន៍លេខ៤ រួមមាន អង្ករ ៥តោន ទឹកសុទ្ធ ៣០០កេស ត្រីចំហុយ ៣០០គីឡូក្រាម ជ្រូកសាច់ ៣ក្បាល ត្រីងៀតសមុទ្រ ១០០គីឡូក្រាម ភេសជ្ជៈ ៤០កេស នំសណ្ដែកដី ២០០ថង់ អេស្កាវ៉ាទ័រ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងថវិកាចំនួន ៤០លានរៀល។ ចំណែកកងពលតូចលេខ២ ក៏ទទួលបានអង្ករ ទឹកសុទ្ធ ត្រីចំហុយ និងសម្ភារចាំបាច់ផ្សេងៗជាច្រើនផងដែរ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៣ហើយក្នុងឆ្នាំ២០២៦ ដែលអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅឧបត្ថម្ភដល់វីរកងទ័ពជួរមុខ បន្ទាប់ពីការឧបត្ថម្ភលើកទី១ នៅខែកុម្ភៈ និងលើកទី២ នៅខែមេសា កន្លងមក ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់ចំពោះកងកម្លាំងការពារជាតិ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…