ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បន្តពង្រឹងវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្រោមការចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង ក្រុមការងារចម្រុះដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្ត បានចុះត្រួតពិនិត្យទីតាំងរីសតមួយកន្លែង ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញមនុស្សសរុបចំនួន ៥០នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន រួមមានកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗជាច្រើនគ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបាននាំយកទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ខណៈទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខ្មែរ សូមកុំចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញគ្រប់ទម្រង់ មិនថាជាអ្នករៀបចំ អ្នកសហការ អ្នកបម្រើការ ឬអ្នកផ្តល់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសនោះឡើយ។
អាជ្ញាធរបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបទល្មើសឆ្លងដែនដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ។ ជនណាដែលចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយមិនមានការលើកលែង ឬអនុគ្រោះឡើយ។
អាជ្ញាធរខេត្តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មានអំពីទីតាំង ឬសកម្មភាពសង្ស័យនានាជាបន្ទាន់ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាសន្តិសុខសង្គមឱ្យបានរឹងមាំ។
សូមផ្តល់ព័ត៌មានអំពីទីតាំង ឬសកម្មភាពសង្ស័យនានា ជាបន្ទាន់មកកាន់ Page ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឬ រាយការណ៍បន្ទាន់មកកាន់លេខ:
* 0977780008 ( ភាសារខ្មែរ )
* 011526677 ( English )
* 011506677( 中文 )
* 011516677 ( 中文 )
* 011822009 ( អគ្គិភ័យ )
* 0977780093 ( អធិការក្រុង )
ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព ៕
ដោយ៖ ប៉ៃ សុឃីម















