យោងតាមក្រសួងធម្មការនិងសាសនា នាពេលថ្មីៗនេះបានចេញសេចក្ដីណែនាំដោយគូសបញ្ជាក់ថា ចាប់តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន វត្តអារាមមិនត្រឹមតែជាបូជនីយដ្ឋាន ដែលពុទ្ធបរិស័ទចូលទៅគោរពសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងអប់រំ បណ្តុះនូវគុណធម៌ សីលធម៌ និងសុជីវធម៌ខ្មែរ ជាមជ្ឈមណ្ឌលថែរក្សាអក្សរសាស្ត្រ ឯកសារប្រវត្តិសាស្ត្រ ជាកន្លែងអភិរក្សស្ថាបត្យកម្មប្រពៃណី ជាជម្រកនៃទំនៀមទម្លាប់ សាសនា ពិធីបុណ្យផ្សេងៗ និងជាបេះដូងនៃអត្តសញ្ញាណជាតិទៀតផង។
បច្ចុប្បន្ននេះ ក្រសួងធម្មការនិងសាសនា សង្កេតឃើញថា មានសាធារណជន ក៏ដូចជាយុវជនមួយចំនួនតូច បានប្រព្រឹត្តសកម្មភាពមិនទាន់សមស្របទៅនឹងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ និងធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បានបញ្ញត្តិទុក ដោយបានសម្តែងឥរិយាបថខុសឆ្គងមួយចំនួនដូចជា ការស្លៀកពាក់មិនសមរម្យ និងការសម្តែងកាយវិការមិនសមរម្យពេលចូលទៅកាន់វត្តអារាម ព្រមទាំងបានថតបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃនៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងជាការមិនគោរពចំពោះវត្តអារាមដែលជាបូជនីយដ្ឋាន ជាទីសក្ការៈរបស់ពុទ្ធបរិស័ទទូទៅនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ដូច្នេះដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងសីលធម៌ថ្លៃថ្លាក្នុងការចូលទៅកាន់វត្តអារាម ក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំដូចខាងក្រោម៖
១. មិនត្រូវស្លៀកសម្លៀកបំពាក់មិនសមរម្យចូលក្នុងបរិវេណវត្ត មានដូចជា សម្លៀកបំពាក់ស្តើង អាវវៀលខ្នង អាវខ្សែទេយ ខោ ឬសំពត់ខ្លីលើជង្គង់ វែកភ្លៅ រឹបបន្តឹងរាងកាយ លេចលើលេចក្រោមទៅថ្វាយបង្គំព្រះសង្ឃ ថ្វាយបង្គំព្រះពុទ្ធរូប និងថតរូបបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមនានា។
២. ត្រូវរក្សាឥរិយាបថថ្លៃថ្នូរ ដោយមិនប្រព្រឹត្តសកម្មភាពស្នេហាក្នុងវត្តអារាម មិនពាក់មួក មិនបាំងឆត្រក្នុងបរិវេណវត្ត (សម្រាប់ម៉ូតូ កង់ ត្រូវចុះបណ្តើរចាប់ពីខ្លោងទ្វារ) ត្រូវដោះស្បែកជើងពេលឡើងលើព្រះវិហារ ឧបដ្ឋានសាលា(សាលាឆាន់) កុដិព្រះសង្ឃ និងទីសក្ការៈផ្សេងៗ និងមិននិយាយឡូឡា ស្រែកហោកញ្ជ្រៀវ លេងសើចហួសប្រមាណ ឬប្រើពាក្យអសុរោះ។
៣. ពេលជួបព្រះសង្ឃ គប្បីអោនកាយ ឬលើកដៃសំពះ បង្ហាញការគោរព ហើយគប្បីប្រើភាសាឱ្យបានត្រឹមត្រូវទៅតាមសមណស័ក្តិ។ ពេលប្រគេនទេយ្យទាន ឬទេយ្យវត្ថុផ្សេងៗ សម្រាប់ស្ត្រីត្រូវរក្សាគម្លាតពីព្រះសង្ឃមិនឱ្យប៉ះពាល់ព្រះកាយព្រះសង្ឃ ចំណែកឥរិយាបថនៃការអង្គុយ ទាំងបុរសនិងស្ត្រី ត្រូវអង្គុយបត់ជើងយ៉ាងមានរបៀបរៀបរយ ដោយមិនត្រូវសន្ធឹងជើងទៅរកព្រះសង្ឃ ឬព្រះពុទ្ធរូបឡើយ។
៤. ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតក្នុងបរិវេណវត្តអារាម មិនត្រូវចោលសំរាមពាសវាលពាសកាល និងមិនត្រូវធ្វើឱ្យខូចខាតនូវសាសនវត្ថុ គំនូរលើជញ្ជាំងព្រះវិហារ ព្រមទាំងសំណង់ផ្សេងៗ។
៥. មិនផឹកគ្រឿងស្រវឹងក្នុងបរិវេណវត្ត និងមិនត្រូវចូលវត្តក្នុងពេលស្រវឹង។
៦. មិនត្រូវយកវត្តអារាមធ្វើជាកន្លែងប្រព្រឹត្តអំពើអបាយមុខ និងល្បែងស៊ីសងគ្រប់ប្រភេទ។
៧. គ្រប់វត្តអារាម ជាពិសេសអារាមទេសចរណ៍ ត្រូវត្រៀមក្រមា សំពត់ កន្លែងផ្លាស់ប្តូរ ឬសំលៀកបំពាក់ សម្រាប់ពុទ្ធបរិស័ទដែលជាភ្ញៀវ ឬជនបរទេសដែលចូលក្នុងបរិវេណវត្តហើយមិនបានត្រៀមសម្លៀកបំពាក់សមរម្យ៕
ដោយ ៖ ឡាយ កុល



