អង្គភាពស៊ីម៉ាក់ (CMAC) បានចេញមកបកស្រាយ និងច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលបានលើកឡើងពាក់ព័ន្ធនឹងគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-84 ដែលត្រូវបានរកឃើញនៅលើទឹកដីកម្ពុជា ដោយអះអាងថា ការផ្សាយទាំងនោះជាការបង្វែរការពិត និងមិនផ្អែកលើភស្តុតាងបច្ចេកទេស។
យោងតាមការបកស្រាយរបស់ CMAC មាន ៣ចំណុចសំខាន់ៗ។
ទី១ CMAC បានលើកឡើងថា ការអះអាងរបស់ភាគីថៃថា គ្រាប់បែកដែលទម្លាក់ពីយន្តហោះ «ផ្ទុះទាំងអស់» គឺផ្ទុយពីលក្ខណៈបច្ចេកទេសនៃគ្រាប់យុទ្ធភណ្ឌ ព្រោះគ្រប់ប្រភេទសុទ្ធតែមានអត្រាមិនផ្ទុះ (Failure Rate)។ CMAC បញ្ជាក់ថា កន្លងមក ក៏ធ្លាប់រកឃើញសំណល់គ្រាប់បែកចង្កោមជាបន្តបន្ទាប់ ដែលនៅតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស៊ីវិល។
ទី២ CMAC ច្រានចោលការអះអាងថា គ្រាប់បែក MK-84 ដែលរកឃើញ ជាសំណល់សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅកម្ពុជា ក្នុងអំឡុងទសវត្សរ៍១៩៦០-៧០។ អង្គភាពបញ្ជាក់ថា គ្រាប់បែកមានលេខកូដ លេខឡូតិ៍ និងព័ត៌មានក្រុមហ៊ុនផលិតច្បាស់លាស់ ហើយត្រូវបានផលិតដោយក្រុមហ៊ុនឧស្សាហកម្មយោធាអ៊ីស្រាអែល នៅឆ្នាំ១៩៩៦។ ដូច្នេះ គ្រាប់បែកដែលផលិតក្រោយសង្គ្រាមជាង២០ឆ្នាំ មិនអាចចាត់ទុកថាជាសំណល់សង្គ្រាមក្នុងអំឡុងឆ្នាំ១៩៦២-១៩៧៥ បានឡើយ។
ទី៣ ពាក់ព័ន្ធការលើកឡើងថា មិនអាចផ្ទៀងផ្ទាត់ប្រភពគ្រាប់បែកបាន CMAC បញ្ជាក់ថា ការផ្ទៀងផ្ទាត់អាចធ្វើឡើងតាមរយៈភស្តុតាងជាក់ស្តែង រួមមានគ្រឿងបង្គំគ្រាប់បែក ទីតាំងរណ្តៅគ្រាប់ សាក្សី និងទិន្នន័យនៃការហោះហើរទម្លាក់គ្រាប់បែក។
CMAC បន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ទិន្នន័យអំពីការទម្លាក់គ្រាប់បែកនៅកម្ពុជាដល់រាជរដ្ឋាភិបាល ដើម្បីគាំទ្រការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ។ ទោះជាយ៉ាងណា ទីតាំងដែល CMAC រកឃើញគ្រាប់បែក MK-84 នេះ មិនមាននៅក្នុងទិន្នន័យទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះទេ។
CMAC អះអាងថា គ្រាប់បែក MK-84 គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ ដែលអង្គភាពប្រមូលបាន សុទ្ធតែមានកំណត់ត្រាទីតាំង និងអត្តសញ្ញាណច្បាស់លាស់ ដែលអាចឱ្យអ្នកជំនាញជាតិ និងអន្តរជាតិធ្វើការផ្ទៀងផ្ទាត់បាន។ អង្គភាពក៏បញ្ជាក់ថា ភស្តុតាងមួយចំនួននឹងត្រូវរក្សាទុកជាមរតកប្រវត្តិសាស្ត្រ ដើម្បីរំលឹកពីសោកនាដកម្មសង្គ្រាម និងលើកកម្ពស់វប្បធម៌សន្តិភាព៕














