ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺមួយ ពាក់ព័ន្ធនឹងប្រសាសន៍លើកឡើងរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឃ្លីបវីដេអូដែលមានរយៈពេលប្រមាណ ២នាទី នាឱកាសចុះពិនិត្យស្ថានភាពប្រាំងទន្លេមេគង្គធ្លាក់ស្រុត ក្នុងខេត្តកំពង់ចាម ដែលបណ្តាញសារព័ត៌មានបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម សូមបញ្ជាក់ជូនថា៖
១) ក្រសួងធនធានទឹក និងឧតុនិយម តែងតែផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាញសារព័ត៌មាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីដោះស្រាយនូវករណីមានការសង្ស័យ អំពីល្មើស ឬបទល្មើសនានាពាក់ព័ន្ធនឹងវិស័យធនធានទឹកនៅតាមមូលដ្ឋាន។
២) ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ គឺមិនបានដាក់បន្ទុកទៅលើអ្នកសារព័ត៌មានដែលអនុវត្តការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជានោះឡើយ ដោយឯកឧត្តមរដ្ឋមន្ត្រីសំដៅតែលើអ្នកសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយដោយពុំបានធ្វើការវិនិច្ឆ័យឱ្យបានគ្រប់ជ្រុងជ្រោយ និងតម្លាភាព ជាពិសេសទៅតាមទីតាំងការដ្ឋានដែលមានម្ចាស់សំណើបានស្នើសុំការអនុញ្ញាតច្បាប់ត្រឹមត្រូវពីក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ ហើយបានលើកស្លាកផ្សព្វផ្សាយជាសាធារណៈនៅទីតាំងមុខការដ្ឋាន។
ក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន មហាជន សហគមន៍មូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅជិតទីតាំងកើតហេតុ ដែលកន្លងមកបានសហការយ៉ាងសកម្មផ្តល់នូវព័ត៌មាន ដើម្បីក្រសួងចុះទៅពិនិត្យនិងធ្វើការដោះស្រាយ។
ករណីមានការសង្ស័យឬរាយការណ៍អំពីអំពើល្មើស ឬបទល្មើសនានាពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម សូមទំនាក់ទំនងមកក្រសួងធនធានទឹក និងឧតុនិយម តាមរយៈលេខទូរសព្ទ ០១២ ៨៩៥ ៨៤០ / ០៨១ ៤១២ ៨០៣ ជៀសវាងធ្វើការផ្សព្វផ្សាយព័ត៌មានដែលពុំមានមូលដ្ឋានច្បាស់លាស់ជាហេតុនាំឱ្យមានការយល់ច្រឡំ ពីសំណាក់មហាជន៕ ដោយ ៖ ឡាយ កុល


