跳至正文
西哈努克省电视台 · 官方网站
登录

តុលាការកំពុងបន្តនីតិវិធីលើបុគ្គល K01 ករណីប្រើហិង្សាខណៈការសុំទោសមិនអាចបញ្ចប់ទំនួលខុសត្រូវតាមច្បាប់

KPS99TV历史原文 · 暂无当前语言译文

ជនសង្ស័យឈ្មោះ ឃឿន សុឡា ហៅក្រៅ K01 ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងនីតិវិធីរបស់តំណាងអយ្យការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីប្រើហិង្សាលើយុវជនម្នាក់។ នេះបើតាមការបញ្ជាក់របស់លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

ការបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជាម៉ឺងម៉ាត់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឱ្យសមត្ថកិច្ចជំនាញឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធការប្រើហិង្សាទះយុវជនម្នាក់ពីរកំផ្លៀងហើយថតជាវីដេអូនិងបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។

មុនពេលត្រូវបានឃាត់ខ្លួន បុគ្គលឈ្មោះ K01 បានចូលខ្លួនទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងសំណុំរឿងខាងលើ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ការប្រព្រឹត្តអំពើហិង្សា មិនអាចរលត់ទៅវិញដោយគ្រាន់តែចេញវីដេអូសុំទោសជាសាធារណៈនោះទេ ប៉ុន្តែត្រូវអនុវត្តតាមច្បាប់ជាធរមាន ហើយការសម្រេចបន្តយ៉ាងណានោះ គឺជាសមត្ថកិច្ចរបស់ស្ថាប័នអយ្យការ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានឃើញវីដេអូបង្ហាញពីសកម្មភាពប្រើហិង្សារបស់បុគ្គល K01 លើយុវជនម្នាក់ ដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ចាត់វិធានការបន្ទាន់។ ឯកឧត្តម បញ្ជាក់ថា ទោះបីជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងក៏ដោយ នគរបាលអាចធ្វើជាដើមបណ្តឹង ដើម្បីអនុវត្តច្បាប់ចំពោះបទល្មើសដែលបានកើតឡើង៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…