跳至正文
西哈努克省电视台 · 官方网站
登录

K01 ប្រឈមជាប់ពន្ធនាគារខ្ពស់បំផុត៣ឆ្នាំខណៈតំណាងអយ្យការចោទពីបទហិង្សាដោយចេតនា

KPS99TV历史原文 · 暂无当前语言译文

តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ឃឿន សុឡា ហៅ K01 ពីបទ ហិង្សាដោយចេតនា ដែលជាបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ ក្រោយបុគ្គលរូបនេះទះកំផ្លៀងយុវជនម្នាក់ចំនួន២កំផ្លៀងហើយបង្ហោះលើបណ្ដាញសង្គម។ នេះបើតាមការឱ្យដឹងពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៦។

យោងតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ បើផ្អែកទៅលើក្រមព្រហ្មទណ្ឌ ជនសង្ស័យ ឈ្មោះ K01 អាចប្រឈមជាប់ពន្ធនាគារខ្ពស់បំផុតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ថែមទៀតផង។

ជនសង្ស័យខាងលើបានបញ្ជូនទៅតុលាការ បន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឱ្យសមត្ថកិច្ចជំនាញឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធការប្រើហិង្សាទះយុវជនម្នាក់ពីរកំផ្លៀងហើយថតជាវីដេអូនិងបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។

មុនពេលត្រូវបានឃាត់ខ្លួន បុគ្គលឈ្មោះ K01 បានចូលខ្លួនទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងសំណុំរឿងខាងលើ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ការប្រព្រឹត្តអំពើហិង្សា មិនអាចរលត់ទៅវិញដោយគ្រាន់តែចេញវីដេអូសុំទោសជាសាធារណៈនោះទេ ប៉ុន្តែត្រូវអនុវត្តតាមច្បាប់ជាធរមាន ហើយការសម្រេចបន្តយ៉ាងណានោះ គឺជាសមត្ថកិច្ចរបស់ស្ថាប័នអយ្យការ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានឃើញវីដេអូបង្ហាញពីសកម្មភាពប្រើហិង្សារបស់បុគ្គល K01 លើយុវជនម្នាក់ ដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ចាត់វិធានការបន្ទាន់។ ឯកឧត្តម បញ្ជាក់ថា ទោះបីជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងក៏ដោយ នគរបាលអាចធ្វើជាដើមបណ្តឹង ដើម្បីអនុវត្តច្បាប់ចំពោះបទល្មើសដែលបានកើតឡើង៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…