ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកោះហៅមន្រ្តីនគរបាលម្នាក់ឱ្យចូលបំភ្លឺ ក្រោយបែកធ្លាយលើបណ្តាញសង្គមពាក់ព័ន្ធរឿងអាស្រូវប្រពន្ធតាមទាន់នាំស្រីកំណាន់ចូលផ្ទះសំណាក់។
បើតាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅថ្ងៃទី០៤ ខែកក្កដាថា «មន្រ្តីនគរបាលម្នាក់ ដែលត្រូវបានបណ្តាញសង្គមផ្សព្វផ្សាយពាក់ព័ន្ធរឿងអាស្រូវស្រីកំណាន់ ពេលនេះស្នងការដ្ឋានកំពុងតែហៅមកសាកសួរ»។
យ៉ាងណា មន្រ្តីនគរបាលរូបនេះ មិនត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ចេញអត្តសញ្ញាណមានឋានៈនិងឈ្មោះអ្វីនោះទេ។ ប៉ុន្តែការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តទំនងចង់សំដៅលើលោកវរៈសេនីយ៍ទោ អ៊ុន ឧត្តម មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌខេត្តព្រះសីហនុ ដែលមានប្រពន្ធឈ្មោះ ម៉ៃ ស្រីធា បានទម្លាយរឿងអាស្រូវរបស់ប្តី ក្រោយពីលោកស្រីតាមទាន់លោកវរៈសេនីយ៍ទោ អ៊ុន ឧត្តម ដែលជាស្វាមីបាននាំស្រីកំណាន់ចូលផ្ទះសំណាក់ នៅយប់ឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ។
បើតាមលោកស្រី ម៉ៃ ស្រីធា ដែលជាប្រពន្ធពេញសិទ្ធរបស់លោកវរៈសេនីយ៍ទោ អ៊ុន ឧត្តម បានរៀបរាប់ឱ្យដឹងថា ចាប់តាំងពីមានបុណ្យស័ក្តិនិងតួនាទីមក ប្តីរបស់គាត់តែងតែដើរលេង ផឹកស៊ី និងចូលខារ៉ាអូខេរហូតមានទំនាក់ទំនងលួចលាក់ជាមួយនារីម្នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នាអស់រយៈពេលជាច្រើនខែ។
លោកស្រី បានរៀបរាប់ទៀតថា ប្តីរបស់លោកស្រីនិងនារីម្នាក់នោះ តែងតែបណ្ដើរគ្នាផឹកស៊ីដោយបើកចំហស្ទើររៀងរាល់ថ្ងៃទាំងដែលមិនទាន់មានសាលក្រមលែងលះដាច់ស្រឡះជាមួយលោកស្រីនៅឡើយ។ រហូតដល់យប់ថ្ងៃទី០៣ឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកស្រីបានតាមដានសកម្មភាពរបស់ពួកគេអង្គុយផឹកស៊ីជាមួយគ្នាតាំងពីក្បាលព្រលប់រហូតដល់ពួកគេជិះម៉ូតូម៉ាក Scoopy ពណ៌ខ្មៅ ឌុបគ្នាចូលផ្ទះសំណាក់មួយកន្លែងនៅម្ដុំចិនណាត់ (ចំការម៉ៅ) ទើបលោកស្រីសម្រេចចិត្តហៅអ្នកសារព័ត៌មានឱ្យទៅជួយយកព័ត៌មានផ្សព្វផ្សាយលើបណ្តាញសង្គមតែម្តង៕
ដោយ៖ ង៉ែត ពិសាន្ត










