បន្ទាប់ពីកងទ័ពកម្ពុជាបានប្រើសិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងការឈ្លានពានរបស់កងទ័ពថៃដែលបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា «ទឹកចិត្តដោយភក្តីភាពនិងកម្លាំងចិត្ត ជូនទៅដល់ភាពអង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជានៅជួរមុខ ក្នុងបេសកកម្មការពារជាតិ។ ជូនពរយកជ័យជំនះលើពួកខ្មាំងឈ្លានពានទឹកដីខ្មែរ»។
សូមជម្រាបថា ក្រសួងការពារជាតិ តាមរយៈអ្នកនាំពាក្យលោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា៖ «នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា»៕
ដោយ៖ ង៉ែត ពិសាន្ត




