跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្ត្រីសុខាភិបាលព្រមានពីជំងឺគ្រុនឈាមកើនឡើងដោយសារបាតុភូតអ៊ី នីណូ

KPS99TV历史原文 · 暂无当前语言译文

កម្ពុជារកឃើញអ្នកកើតជំងឺគ្រុនឈាមប្រមាណ ១២,០០០ករណី ខណៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមានថា បាតុភូតអ៊ី នីណូ កំពុងបង្កលក្ខខណ្ឌអំណោយផលឱ្យជំងឺនេះកើនឡើងក្នុងរដូវវស្សា និងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។

ក្នុងវគ្គ «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» លើកទី១២២ កាលពីថ្ងៃទី០៧ ខែកក្កដា ដោយមានមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ជាង ៣,១០០នាក់ ចូលរួមតាមប្រព័ន្ធវីដេអូ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា ការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីបាតុភូត អ៊ី នីណូ (El Niño) កំពុងបង្កឱ្យមានការកើនឡើងនៃជំងឺគ្រុនឈាមក្នុងរដូវវស្សាឆ្នាំនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានពន្យល់ថា ដោយសារបាតុភូតអ៊ី នីណូ( El Niño)នេះបានធ្វើឱ្យមានការកើនឡើងកំដៅដែលនឹងផ្តល់ឱកាសល្អដល់ការកកើតមូស ជាពិសេសមូលខ្លាញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

ឯកឧត្តម ឈាង រ៉ា ណែនាំឱ្យគ្រប់មូលដ្ឋានសុខាភិបាល ពង្រឹងការអប់រំសុខភាពដល់ប្រជាពលរដ្ឋ ត្រៀមសេវាបង្ការ និងព្យាបាលឱ្យមានប្រសិទ្ធភាព ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ក្នុងការកម្ចាត់ជម្រកមូស និងបញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណ ១២,០០០ករណី ដែលមានចំនួនប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលកំពុងតាមដាន និងគ្រប់គ្រងស្ថានភាពជំងឺនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់ការរីករាលដាល។

ដោយឡែក អ្នកនាំពាក្យក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា ជំងឺគ្រុនឈាមកំពុងកើតមាននៅទូទាំងប្រទេស ជាពិសេសនៅតំបន់ទីប្រជុំជនដែលមានប្រជាជនរស់នៅកកកុញ និងមានទឹកដក់ច្រើន ដែលជាបរិយាកាសអំណោយផលសម្រាប់មូសខ្លាបង្កាត់ពូជ។ ឯកឧត្តមបានបន្ថែមថា ឆ្នាំនេះក៏ស្ថិតក្នុងវដ្តនៃការកើនឡើងជំងឺគ្រុនឈាម ដែលតែងកើតឡើងរៀងរាល់ ៤ ទៅ ៥ឆ្នាំម្តងផងដែរ។

ឯកឧត្តមអ្នកនាំពាក្យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសម្អាតបរិស្ថាន និងកម្ចាត់ដង្កូវទឹក ដោយលាងសម្អាត ឬផ្លាស់ប្តូរទឹកនៅក្នុងពាង អាងទឹក ថូផ្កា និងធុងទឹកយ៉ាងតិចម្តងក្នុងមួយសប្តាហ៍ ព្រមទាំងកម្ចាត់សម្ភារដែលអាចដក់ទឹក ដូចជា សំបកកង់ ដប និងកំប៉ុងចាស់ៗ ដើម្បីកាត់បន្ថយជម្រកមូសខ្លា។

បើតាមឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រសិនបើសមាជិកគ្រួសារមានអាការគ្រុនក្តៅខ្លាំងភ្លាមៗ ចាប់ពី ៣៩ ដល់ ៤០អង្សាសេ សូមប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ហើយអាចទូរសព្ទទៅលេខ ១១៥ ប្រសិនបើមានករណីគ្រុនក្តៅលើកុមារ ឬមានការផ្ទុះជំងឺគ្រុនឈាមជាច្រើនករណីនៅក្នុងភូមិ ឬសហគមន៍៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…