(ភ្នំពេញ)៖ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យកាន់តែផុសផលបន្ថែមទៀត ដែលឯកឧត្តមបានទទួលបទពិសោធន៍ដោយផ្ទាល់ពីការធ្វើដំណើរគ្រប់ខេត្តក្រុងនៃកម្ពុជាដល់ប្រជាជនជប៉ុន និងបានលើកជាសំណើពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន។
ការឡើកឡើងរបស់ឯកឧត្តម UENO Atsushiបែបនេះ ក្នុងជំនួបសម្ដែងការគួរសម និងជំរាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត «បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍កន្លងមក ព្រមទាំងបានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកជាសំណើស្នើសុំពិនិត្យលទ្ធភាពសិក្សាលើការលើកលែងទិដ្ឋាការជូនដល់ភ្ញៀវទេសចរជប៉ុនដែលអញ្ជើញមកទស្សនាកម្ពុជា»។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងវិស័យទេសចរណ៍ជាបន្តបន្ទាប់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ជាពិសេសក្នុងវិស័យទេសចរណ៍ ក្នុងអាណត្តិបេសកកម្មទូតរបស់ឯកឧត្តមឯកអគ្គរាជទូត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរជប៉ុន និងអន្តរជាតិ ព្រមទាំងបានស្នើឱ្យភាគីជប៉ុនបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា សម្របសម្រួលឱ្យការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ បន្តពង្រីកការតភ្ជាប់ជើងហោះហើររវាងជប៉ុន និងកម្ពុជា គាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងវិនិយោគិនជប៉ុនមកស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា៕
ដោយ៖ ធី លីថូ







