វ៉ាស៊ីនតោន ឌីស៊ី៖ យន្តហោះ Air Force One ថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) កំពុងស្ថិតក្រោមការចាប់អារម្មណ៍ និងការជជែកវែកញែកយ៉ាងខ្លាំង បន្ទាប់ពីលោកបានជ្រើសរើសប្រើយន្តហោះ Boeing 747 ចាស់ដែលមានអាយុកាលប្រមាណ ៣៥ ឆ្នាំ ក្នុងដំណើរពីប្រទេសតួកគី ជំនួសឱ្យយន្តហោះ Air Force One ថ្មី ដែលទើបតែដាក់ឱ្យប្រើប្រាស់។
យន្តហោះថ្មីនេះ ជាអំណោយពីប្រទេសកាតារ (Qatar) ហើយត្រូវបានកែប្រែក្នុងរយៈពេលប្រមាណមួយឆ្នាំ។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកអាកាសចរណ៍ និងសន្តិសុខជាច្រើន បានចោទសួរថា រយៈពេលដ៏ខ្លីបែបនេះ អាចមិនគ្រប់គ្រាន់សម្រាប់ការបំពាក់ប្រព័ន្ធការពារកម្រិតខ្ពស់ ដែលចាំបាច់សម្រាប់យន្តហោះប្រធានាធិបតីអាមេរិក ឬ «សេតវិមានហោះហើរ» (Flying White House) នោះទេ។
បើតាមអ្នកជំនាញ យន្តហោះ Air Force One ពេញលេញ ត្រូវតែបំពាក់ប្រព័ន្ធទំនាក់ទំនងសម្ងាត់ ប្រព័ន្ធការពារមីស៊ីល ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក បន្ទប់ពេទ្យដែលអាចបម្លែងជាបន្ទប់វះកាត់ ព្រមទាំងប្រព័ន្ធសន្តិសុខជាច្រើនទៀត។ រហូតមកដល់ពេលនេះ សេតវិមានមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីប្រព័ន្ធការពារដែលត្រូវបានដំឡើងលើយន្តហោះថ្មីនោះឡើយ។
លោក Frank Kendall អតីតរដ្ឋមន្ត្រីក្រសួងទ័ពអាកាសសហរដ្ឋអាមេរិក បានអះអាងថា ការកែប្រែយន្តហោះត្រូវបានធ្វើឡើងក្រោមសម្ពាធពេលវេលា ហើយលោកប៉ាន់ប្រមាណថា យន្តហោះនេះអាចត្រូវការពេលបន្ថែម ៣ ទៅ ៤ ឆ្នាំ ទៀត ទើបអាចឈានដល់ស្តង់ដារសន្តិសុខដូច Air Force One ជំនាន់មុន។
អ្នកជំនាញក៏បានកត់សម្គាល់ថា យន្តហោះថ្មីហាក់មិនមានសញ្ញាបង្ហាញពីប្រព័ន្ធការពារមីស៊ីលមួយចំនួន និងមិនមានសមត្ថភាពចាក់ប្រេងនៅលើអាកាស (Aerial Refueling) ដូចយន្តហោះ Air Force One ជំនាន់ចាស់ ដែលអាចហោះហើរបានក្នុងរយៈពេលយូរជាង។
ទោះបីជាមានការរិះគន់ពីអ្នកជំនាញ និងសមាជិកព្រឹទ្ធសភាមួយចំនួនក៏ដោយ លោក ដូណាល់ ត្រាំ បានកោតសរសើរយន្តហោះនេះថា ជាការកែប្រែដ៏ជោគជ័យ និងបញ្ជាក់ថា វាជាយន្តហោះដ៏ពិសេសមួយសម្រាប់បម្រើប្រធានាធិបតីសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគបានលើកឡើងថា ចំពេលស្ថានភាពសន្តិសុខពិភពលោកកាន់តែតានតឹង ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា សមត្ថភាពការពាររបស់ Air Force One នឹងនៅតែជាប្រធានបទដែលត្រូវបានតាមដាន និងវាយតម្លៃយ៉ាងជិតស្និទ្ធបំផុត។ ប្រភព៖ CNN







