跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ឈឹម សៅគី ដឹកនាំក្រុមការងារចុះពិនិត្យផ្លូវជនបទ ១២ខ្សែ ប្រវែងជាង១៥៧,៣១០គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង

KPS99TV历史原文 · 暂无当前语言译文

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើគម្រោងថែទាំជាប្រចាំផ្លូវជនបទចំនួន ១២ខ្សែ ដែលបានក្រាលកៅស៊ូប្រភេទ DBST ប្រវែងសរុប ១៥៧,៣១០ម៉ែត្រ ស្ថិតនៅក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ឆ្នាំង។

ការចុះត្រួតពិនិត្យនេះធ្វើឡើង ដើម្បីវាយតម្លៃគុណភាព និងវឌ្ឍនភាពការងារថែទាំផ្លូវ ដែលមានទទឹងចាប់ពី ៥ម៉ែត្រ ដល់ ៦ម៉ែត្រ រួមទាំងការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន ៣៦៤ផ្លាក លើផ្លូវចំនួន២ខ្សែ ក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ គម្រោងនេះអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រោមថវិកាជំពូក៦១។

ក្នុងឱកាសនោះ ឯកឧត្តម ឈឹម សៅគី ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ ដែលបានសម្តែងនូវការរីករាយចំពោះសមិទ្ធផលថ្មីនេះ ដែលបានរួមចំណែកសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។

ឯកឧត្តមបានបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ គឺជាផ្នែកសំខាន់មួយក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដើម្បីប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យកាន់តែមានវិបុលភាព បរិយាបន្ន សមធម៌ និងចីរភាព។

ក្រោយបញ្ចប់ការត្រួតពិនិត្យ និងពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងភាគីពាក់ព័ន្ធ គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកការងារដំណាក់កាលទី១ នៃគម្រោងថែទាំផ្លូវជនបទខាងលើ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…