跳至正文
西哈努克省电视台 · 官方网站
登录

គយចល័តបង្ក្រាបឃ្លាំងស្តុកបារីគេចពន្ធនៅក្រុងបាវិត ខេត្តស្វាយរៀង រឹបអូសបាន ៣៦,០០០សុង គ្មានត្រាពន្ធគយ

KPS99TV历史原文 · 暂无当前语言译文

កម្លាំងគយចល័តនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយកម្លាំងចម្រុះ បានចុះបង្ក្រាបទីតាំងឃ្លាំងស្តុកបារីគេចពន្ធមួយកន្លែង ស្ថិតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយរឹបអូសបានបារីគ្មានបិទត្រាពន្ធគយ សរុបចំនួន ៣៦,០០០សុង។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំរបស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ទូទាំងប្រទេស ដោយមានការសហការពីកម្លាំងយោធាការពារព្រំដែន២៣២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្វាយរៀង និងការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត។

ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងចម្រុះបានចុះត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកបារីមួយកន្លែង ស្ថិតនៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងការឆែកឆេរ សមត្ថកិច្ចបានរកឃើញបារីគ្មានត្រាពន្ធគយចំនួន ៣ប្រភេទ រួមមាន៖

• បារីម៉ាក JPS (Taiwan) ចំនួន ៣១២កេស ស្មើនឹង ១៨,៧២០សុង

• បារីម៉ាក B&H (UK) ចំនួន ១៨៦កេស ស្មើនឹង ១១,១៦០សុង

• បារីម៉ាក Winfield Original Classic (Indonesia) ចំនួន ១០២កេស ស្មើនឹង ៦,១២០សុង

សរុបរួមមានបារីចំនួន ៦០០ប៊ិច ស្មើនឹង ៣៦,០០០សុង ដែលមិនមានបិទត្រាពន្ធគយ និងមិនអាចបញ្ជាក់ប្រភពនាំចូលស្របច្បាប់បាន។

បច្ចុប្បន្ន វត្ថុតាងបារីខុសច្បាប់ទាំងនេះ ត្រូវបាននាំយកទៅរក្សាទុកបណ្តោះអាសន្ននៅឃ្លាំងការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ដើម្បីបន្តនីតិវិធីតាមច្បាប់ និងរង់ចាំការសម្រេចពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ការបង្ក្រាបនេះបង្ហាញពីការបន្តពង្រឹងវិធានការរបស់អាជ្ញាធរគយ ក្នុងការទប់ស្កាត់បទល្មើសរត់ពន្ធ ការពារប្រយោជន៍ជាតិ និងធានាការអនុវត្តច្បាប់គយឱ្យមានប្រសិទ្ធភាព ជាពិសេសនៅតាមតំបន់ព្រំដែនដែលមានហានិភ័យខ្ពស់៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…