跳至正文
西哈努克省电视台 · 官方网站
登录

កងទ័ពកម្ពុជា-ថៃកំពុងតែបន្តប្រយុទ្ធគ្នានៅឡើយទេខណៈកម្ពុជាគ្រប់គ្រងបានប្រាសាទតាមាន់និងតាក្របីទាំងស្រុង

历史原文 · 暂无当前语言译文

ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងបន្តកើនកម្តៅខ្លាំង ដោយការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតែបន្តនៅឡើយគិតត្រឹមរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ នេះបើតាមសេចក្តីរាយការណ៍ពីកងទ័ពជួរមុខ ប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៤  ខែកក្កដា។

ទន្ទឹមគ្នានេះ កម្ពុជា បានគ្រប់គ្រងទាំងស្រុងនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្រោយពីកងទ័ពកម្ពុជាបានបើកការវាយបកលើទាហានឈ្លានពានថៃធ្វើឱ្យកងទ័ពថៃដកថយរត់ខ្ចាត់ខ្ចាយ។

ក្រសួងការពាជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា អះអាថា កងទ័ពថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅតំបន់ប្រាសាទតាមាន់ធំ ហើយបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់ នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ 

លោកជំទាវ ម៉ាលី សុជាតា បានបង្ហាញនូវកំណត់ហេតុដែលបញ្ជាក់ថា ថៃពិតជាបានចាប់ផ្ដើមផ្ទុះអាវុធមុនមកលើកម្ពុជា។ ក្នុងនោះ នៅវេលាម៉ោងប្រមាណ ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ។

នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី និងនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារនៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន ២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកងទ័ពកម្ពុជាបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ក្រោយមកទៀត នៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។

បើតាមលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះច្បាប់អន្តរជាតិ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…