跳至正文
西哈努克省电视台 · 官方网站
登录

ផ្លូវថ្មើរជើងចតុមុខ កាន់តែទាក់ទាញ! ពលរដ្ឋប្រមាណ ១០ម៉ឺននាក់ សម្រុកដើរកម្សាន្តក្នុងមួយរាត្រី

KPS99TV历史原文 · 暂无当前语言译文

ផ្លូវថ្មើរជើងចតុមុខ (Walk Street) បន្តក្លាយជាគោលដៅកម្សាន្តដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជាពិសេសនៅរៀងរាល់ចុងសប្តាហ៍។ ជាក់ស្តែង នៅរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្រមាណ ១០ម៉ឺននាក់ បានមកដើរកម្សាន្ត ខណៈក្នុងនោះមានភ្ញៀវបរទេសប្រមាណ ១,០០០នាក់ ផងដែរ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្លូវថ្មើរជើងចតុមុខទទួលបានការគាំទ្រពីសាធារណជនកាន់តែច្រើនពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយសារការរៀបចំប្រកបដោយរបៀបរៀបរយ រួមទាំងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងអនាម័យបរិស្ថានបានយ៉ាងល្អពីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក។

ក្រៅពីបរិយាកាសស្អាត សុវត្ថិភាព និងផាសុកភាព រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំកម្មវិធីសម្ដែងសិល្បៈចម្រុះ ទាំងសិល្បៈបុរាណ និងសម័យ ព្រមទាំងផ្ទាំងទស្សនីយភាពផ្សេងៗ ដើម្បីបង្កើនភាពរស់រវើកជូនអ្នកទស្សនា។ ជាមួយគ្នានេះ ក៏មានការរៀបចំស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ ដែលធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើងចតុមុខ ត្រូវបានទទួលស្គាល់ថា ជាតំបន់កម្សាន្តពេលរាត្រីដ៏លេចធ្លោមួយ និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ២ លើពិភពលោកក្នុងចំណោមទីក្រុងដែលមានសកម្មភាពកម្សាន្តពេលរាត្រី។ លើសពីនេះ ស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា រួមមាន ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតចិន សហភាពអឺរ៉ុប និងដៃគូអន្តរជាតិផ្សេងៗ ក៏បានជ្រើសរើសទីតាំងនេះសម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីសំខាន់ៗរបស់ខ្លួនផងដែរ។

ការកើនឡើងជាបន្តបន្ទាប់នៃចំនួនអ្នកមកកម្សាន្ត បានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការរៀបចំផ្លូវថ្មើរជើងចតុមុខ ដែលមិនត្រឹមតែផ្តល់កន្លែងសម្រាកលំហែកាយដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ចមូលដ្ឋាន និងលើកស្ទួយមុខមាត់រាជធានីភ្នំពេញឱ្យកាន់តែទាក់ទាញនៅលើឆាកអន្តរជាតិផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…