跳至正文
西哈努克省电视台 · 官方网站
登录

គ្រួសារកូនភ្លោះបីទី៤៤០ ទទួលអំណោយ ១០លានរៀលពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត

KPS99TV历史原文 · 暂无当前语言译文

គ្រួសារមួយដែលសម្រាលបានកូនភ្លោះបី (សុទ្ធតែជាកូនស្រី) បានទទួលអំណោយសប្បុរសធម៌ពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ នេះជាគ្រួសារទី៤៤០ហើយ ដែលទទួលបានការឧបត្ថម្ភដើម្បីជួយសម្រាលបន្ទុកជីវភាព និងការចិញ្ចឹមបីបាច់កូនភ្លោះ។

អំណោយដែលត្រូវបានឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាំយកទៅប្រគល់ជូនរួមមាន ថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្ករស ៥គីឡូក្រាម សារុង ២ និងក្រម៉ា ២។

កូនភ្លោះទាំងបី គឺជាកូនដំបូងរបស់គ្រួសារ មានឪពុកឈ្មោះ សុង ងួនហុក អាយុ ៣១ឆ្នាំ និងម្តាយឈ្មោះ ជា ហ្គិចជឺ អាយុ ២៧ឆ្នាំ។ ទារកទាំងបីបានប្រសូត្រនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត។

ឯកឧត្តម សេង ទៀង បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបញ្ជាក់ថា ការឧបត្ថម្ភគ្រួសារមានកូនភ្លោះ៣ ឬ៤នាក់ បានអនុវត្តតាំងពីឆ្នាំ១៩៩៩មក ដោយផ្អែកលើទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដោយមិនប្រកាន់ជាតិសាសន៍ ឬស្ថានភាពជីវភាពឡើយ។

ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានបន្តមរតកទឹកចិត្តមនុស្សធម៌នេះ ដោយចូលរួមឧបត្ថម្ភថវិកា ៥លានរៀលដល់គ្រួសារសម្រាលកូនភ្លោះ៣ ឬ៤នាក់។ គ្រួសារនេះ គឺជាគ្រួសារទី១៦ ដែលទទួលបានការឧបត្ថម្ភបន្ថែមពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត។

គ្រួសារកូនភ្លោះបីបានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំជាតិ ដែលបានរួមចំណែកសម្រាលការលំបាកក្នុងការចិញ្ចឹមបីបាច់កូនផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…