跳至正文
西哈努克省电视台 · 官方网站
登录

អាជ្ញាធរជាតិអប្សរា៖ ការជួសជុលកំពែងក្រុងអង្គរធំ ប្រវែង១៥ម៉ែត្រ សម្រេចបាន៤៥%ហើយ គ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២៦នេះ!

KPS99TV历史原文 · 暂无当前语言译文

(សៀមរាប)៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៦ខែ ដើម្បីថែទាំ ជួសជុល និងពង្រឹងកំពែងថ្មបាយក្រៀម នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ របស់ក្រុងអង្គរធំ ឱ្យរួចផុតពីការបាក់បែកហើយរឹងមាំឡើងវិញ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងគ្រឹះកំពែងក្រុងអង្គរធំ និងជណ្តើរខាងក្នុងដែលមានតួនាទីជួយទប់ជញ្ជាំងនិងខ្លោងទ្វារ នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ ប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីដើមខែមេសា ឆ្នាំ២០២៦។ ការអនុវត្តគម្រោងជួសជុលរយៈពេល២ខែកន្លះមកនេះ លទ្ធផល គឺសម្រេចបានប្រមាណជាង ៤៥% ដោយក្នុងនោះ មានដូចជា ការពង្រឹងគ្រឹះ រៀបជញ្ជាំងបានប្រវែង ៦ម៉ែត្រ រីឯកាំជណ្តើរ រៀបបានប្រហែល ១៥ម៉ែត្រ។ ដោយឡែក ការងារដែលនៅសេសសល់ ដូចជា នៅតាមក្បាលជញ្ជាំងកំពែងផ្នែកខាងលិចប្រវែងជិត ១០ម៉ែត្រ និងផ្នែកខាងលើប្រហែល ៣រួតទៀត នឹងត្រូវដាប់ឆ្លាក់ធ្វើជាខ្សែក្បាច់ទៅតាមលំនាំដើម បង្ហាប់ដីផ្នែកខាងលើ ដោយប្រើកម្ទេចថ្មបាយក្រៀម និងធ្វើឱ្យមានផ្លូវទឹកហូរ។ នៅតាមផ្នែកកាំជណ្តើរ នឹងធ្វើការចាក់ដីបំពេញ ដើម្បីជួយទប់ជញ្ជាំងកុំឱ្យទ្រេត។ គម្រោងជួសជុលនេះ គ្រោងនឹងបញ្ចប់ នៅដំណាច់ឆ្នាំ២០២៦ខាងមុខ។

លោក សុខនី បន្តថា ការជួសជុល គឺអនុវត្តទៅតាមបច្ចេកទេសពីបុរាណ ដោយធ្វើការរើថ្មពីលើចុះក្រោម ម្តងមួយរួតៗ រួចហើយធ្វើការជួសជុលពង្រឹងទាំងផ្នែកខាងក្នុង និងខាងក្រៅ។ កំពែងទៀតសោត គឺរៀបជញ្ជាំងទាំងខាងក្នុង និងខាងក្រៅ ដោយខាងក្នុង សង់ពីថ្មភក់ត្រូវចាក់ដីបំពេញប្រហែល ១៥ម៉ែត្រ ឯផ្នែកខាងក្រៅជាថ្មបាយក្រៀម ។

ស្ថានភាពកំពែងក្រុងអង្គរធំប្រវែង១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ បានរងការខូចខាតជាយូរមកហើយ ដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ ដែលអាចបង្កឱ្យមានហានិភ័យមួយចំនួន ដូចជា ជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នា និងថ្មមួយចំនួនបានរលុះធ្លាក់។ ចំពោះរចនាសម្ព័ន្ធស្លាបខ្លោងទ្វារ នៅទិសខាងលិចវិញ ក៏មានការខូចខាតច្រើនដែរ ដោយសារ ការទ្រេត ការបាត់ផ្នែកដំបូល ហើយថ្មដែលនៅសល់តិចតួចមានដូចជា ថ្មរូបទេពខ្លះៗ និងថ្មខឿននៃខ្លោងទ្វារ។ រីឯកាំជណ្តើរ ក៏ទទួលរងបញ្ហាទឹកហូរច្រោះ ធ្វើឱ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នា ធ្វើឱ្យបាត់ស្លាកស្នាមរូបរាងដើមរបស់កាំជណ្តើរ ព្រមទាំងថ្មភក់មួយចំនួនបានធ្លាក់ចុះពីទីតាំងជាដើម៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

ដោយ៖ ធី លីថូ

评论

正在加载评论…