ក្រសួងមហាផ្ទៃ បានបន្តពង្រឹងវិធានការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) យ៉ាងសកម្ម ដោយក្នុងឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបទីតាំងពាក់ព័ន្ធសរុបចំនួន ៤៨៨កន្លែង នៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ២០,៩២៦នាក់ និងបានបណ្ដេញជនបរទេសចំនួន ១៦,១២៧នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមនីតិវិធីច្បាប់។
ប្រតិបត្តិការខាងលើ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារប្រជាពលរដ្ឋពីការឆបោកឆ្លងដែនតាមបច្ចេកវិទ្យា៕
ដោយ៖ ប៉ៃ សុឃីម









