跳至正文
西哈努克省电视台 · 官方网站
登录

ករណីឃាតកម្មដោយសារភ្លើងប្រច័ណ្ឌនៅផ្សារលើ ក្រុងព្រះសីហនុ បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ករណីឃាតកម្មមួយដែលសង្ស័យផ្តើមចេញពីភ្លើងប្រច័ណ្ឌ បានកើតឡើងនៅវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្សារលើ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត។

តាមការបញ្ជាក់របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចាត់តាំងកម្លាំងដឹកនាំដោយលោកនាយចំណង់ កេង ឌន ចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីពិនិត្យ សាកសួរសាក្សី និងប្រមូលព័ត៌មានពាក់ព័ន្ធ។

បើតាមការរៀបរាប់របស់អាជីវករនៅក្នុងផ្សារ ជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា ប៉ុន្តែបានបែកបាក់។ ជនសង្ស័យបានព្យាយាមសុំត្រូវរូវគ្នាវិញ ប៉ុន្តែភាគីនារីមិនយល់ព្រម។ ក្រោយមក ជនសង្ស័យបានជិះម៉ូតូមកដល់តូបលក់របស់ជនរងគ្រោះ ហើយប្រើកាំបិតចាក់បណ្តាលឱ្យនារីរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពបង្ករបួសលើខ្លួនឯង ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ តុន រីណា ភេទស្រី កើតឆ្នាំ២០១០ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់អាហារក្នុងផ្សារលើ មានស្រុកកំណើតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ និងស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ចំណែកជនសង្ស័យមានឈ្មោះ អុន ស៊ាងអ៊ីម ភេទប្រុស ជនជាតិខ្មែរ មុខរបរជាអ្នកលើកបន្លែក្នុងផ្សារលើ មានស្រុកកំណើតនៅភូមិថ្នល់កែង ឃុំកងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម។

បច្ចុប្បន្ន សាកសពអ្នកទាំងពីរត្រូវបានបញ្ជូនទៅតម្កល់នៅសាលតម្កល់សពនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ និងបំពេញនីតិវិធី មុនប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…