ជនជាតិចិន ២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីត្រូវប្រជាពលរដ្ឋដេញចាប់បាន និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយសង្ស័យថាបានប្រើល្បិចបន្លំក្នុងការដូរប្រាក់។
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅហាងដូរប្រាក់មួយកន្លែងក្នុងផ្សារអង្គមេត្រី។ ជនសង្ស័យទាំង២នាក់ បានយកប្រាក់ដុល្លារចំនួន ៤,៨០០ដុល្លារ ទៅដូរជាប្រាក់រៀល។
ក្នុងពេលម្ចាស់ហាងកំពុងរាប់ប្រាក់រៀល ជនសង្ស័យបានព្យាយាមបង្កការភាន់ច្រឡំ ដោយម្នាក់សុំយកប្រាក់ដុល្លារមករាប់ឡើងវិញ ខណៈម្នាក់ទៀតបន្តសួរដេញដោលអំពីចំនួនប្រាក់រៀលដែលត្រូវប្តូរ។ ពេលឃើញម្ចាស់ហាងមានការភ័ន្តច្រឡំ ពួកគេបានយកប្រាក់ដុល្លារដាក់បង្កប់ជាមួយប្រាក់រៀល រួចដាក់ចូលកាបូប និងជិះម៉ូតូព្យាយាមរត់គេចខ្លួន ទោះបីម្ចាស់ហាងស្រែកហៅឱ្យឈប់ក៏ដោយ។
ក្រោយកើតហេតុ ម្ចាស់ហាងបានជិះដេញតាម រហូតអាចចាប់ខ្លួនជនសង្ស័យទាំងពីរបាន និងប្រគល់ឱ្យសមត្ថកិច្ច។
ជនសង្ស័យទាំងពីរ មានឈ្មោះ PENG CHANGFA និង LONG ZHELAN ជាជនជាតិចិន។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ប្រាក់ដុល្លារអាមេរិក ៤,៨០០ដុល្លារ, ប្រាក់យ័នចិន ៣២០យ័ន, ប្រាក់ម៉ាឡេស៊ី ១៣រីងហ្គីត និងម៉ូតូម៉ាក Janus ១គ្រឿង។
តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យទាំង២នាក់ធ្លាប់ប្រើវិធីសាស្ត្រដូចគ្នានេះម្តងរួចមកហើយនៅខេត្តកណ្តាល និងបានគេចខ្លួនដោយជោគជ័យ។ ប៉ុន្តែលើកនេះ ពួកគេត្រូវប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺដេញចាប់បានភ្លាមៗ មុនប្រគល់ឱ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ប៉ៃ សុឃីម











