跳至正文
西哈努克省电视台 · 官方网站
登录

ការសាងសង់ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញអាចផ្គត់ផ្គង់ទឹកស្រោចស្រពជាង២ម៉ឺនហិកតាគ្រោងបញ្ចប់ទាំងស្រុង

KPS99TV历史原文 · 暂无当前语言译文

គិតមកដល់ពេលនេះ គម្រោងស្តារនិងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តតាកែវ បានសម្រេចការសាងសង់ប្រមាណ ៩៩ភាគរយហើយ។ គម្រោងនេះនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបជាង២ម៉ឺនហិកតា អ្នកទទួលផលចំនួន៧ ៩២៥គ្រួសារ និងបង្កើនទិន្នផលស្រូវពី ២,២០តោនទៅ ៣,៨០ តោន/ហិកតា។

ក្នុងដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់គម្រោងខាងលើ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាពការងារ និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ព្រមទាំងសំណូមពរដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

បើតាមក្រសួងធនធានទឹក បានបញ្ជាក់ថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១. អនុគម្រោងរលាំងជ្រៃស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៖ ជួសជុលសំណង់ក្បាលហុងរលាំងជ្រៃ ១កន្លែង សំណង់នាំទឹក ២កន្លែង ជួសជុលប្រឡាយមេរលាំងជ្រៃខាងជើង ១ខ្សែប្រវែង ១១,៧០គីឡូម៉ែត្រ ប្រឡាយមេរលាំងជ្រៃខាងត្បូង ១ខ្សែប្រវែង ១២,៦០ គីឡូម៉ែត្រ ប្រឡាយរងថ្នាក់ទី២ទី៣ សរុប ៤៩ខ្សែ ប្រវែង ២៦,៧គីឡូម៉ែត្រ និងសំណង់ពាក់ព័ន្ធសរុប ២០៧កន្លែង និង ទី២. អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ៖ សាងសង់ទំនប់សណ្តស្ទឹងតូច ១ខ្សែប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង ១ខ្សែប្រវែង ៤គីឡូម៉ែត្រ សំណង់បង្វែរទឹក ២កន្លែង សំណង់ស្ពាន ៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក ៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង។

សូមជម្រាបថា គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…