ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យនគរបាលបើកការស្រាវជ្រាវប្រភពគ្រាប់បែកដែលជនបង្កបានបំផ្ទុះស្លាប់ខ្លួនឯង រួមទាំងកងកម្លាំងនគរបាលចំនួន២រូប និងប្រជាការពារចំនួន៣រូប ខណៈប្រជាការពារ១រូបទៀតរងរបួសធ្ងន់ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រៅពីនេះ ឯកឧត្តមមន្រ្តី ក៏បានឱ្យបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះផងដែរ។ នេះបើតាមការឱ្យដឹងពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្ទាប់ពីមានករណីពលីមន្ត្រីនគរបាលជាតិនិងប្រជាការពារសរុបចំនួន៥រូប ស្លាប់ជនបង្កម្នាក់ និងរបួសប្រជាការពារ១រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ។
យោងតាមរបាយការណ៍បឋមរបស់ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បំផ្ទុះគ្រាប់បែក បណ្ដាលឱ្យមានសោកនាដកម្មដូចខាងក្រោម៖
១-លោក សាម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់), ២-លោក សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍ (ស្លាប់), ៣-លោក ជ្រន ប្រឹម ប្រជាការពារ (ស្លាប់), ៤-លោក សុខ អាន ប្រជាការពារ (ស្លាប់), ៥-លោក ចិន្ដា ប្រជាការពារ (ស្លាប់), ៦- ជនបង្កឈ្មោះ អែម ដុំ (ស្លាប់) និង៧-លោក វ៉ី វឿន ប្រជាការពារ (របួសធ្ងន់)។
ទន្ទឹមនឹងនេះ ឯកឧត្តម ស សុខា បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងដំណើរការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិនិងកម្លាំងប្រជាការពារដែលបានពលីជីវិត។
ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមផ្ទាល់ ព្រមទាំងក្រុមគ្រួសារ បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។ ពលិកម្មមន្ត្រីនគរបាលជាតិ និងប្រជាការពារយើង រួមទាំងសោកនាដកម្មក្នុងករណីនេះទាំងមូល បានដាស់តឿនយើងថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា៕
ដោយ៖ ង៉ែត ពិសាន្ត







