ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំឱ្យមន្ត្រីសុខាភិបាល និងគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈដោយយកចិត្តទុកដាក់ពន្យល់អំពីស្ថានភាពជំងឺ និងនីតិវិធីព្យាបាលដល់អ្នកជំងឺ និងក្រុមគ្រួសារ ហើយស្តាប់កង្វល់និងឆ្លើយតបរាល់សំណួរដោយការយោគយល់និងការគោរព ដើម្បីឱ្យអ្នកជំងឺមានអារម្មណ៍សុវត្ថិភាព និងពេញចិត្តចំពោះសេវាសុខាភិបាល។ ឯកឧត្តមណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារសុខាភិបាលក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
ការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តកណ្តាលសម្រេចដកតួនាទីលោកគ្រូពេទ្យដែលធ្វើចលនាបេះដូងខុសបច្ចេកទេស ឈុន ផល្លី ពីប្រធានមណ្ឌលសុខភាពសិត្យូមកជាមន្ត្រីធម្មតាវិញ ដោយសារប្រព្រឹត្តសកម្មភាពផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ គឺអនុវត្តបច្ចេកទេសនៃការសង្គ្រោះបឋមដល់អ្នកជំងឺស្រីម្នាក់ មិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ បង្កឱ្យមានការិះគន់យ៉ាងខ្លាំងពីមហាជនតាមបណ្ដាញសង្គម។
បើតាមឯកឧត្តម គួច ចំរើន ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលបានរួមចំណែកធ្វើឱ្យអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកើនឡើង កាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារក្រោមអាយុ៥ឆ្នាំ ព្រមទាំងទប់ស្កាត់ជំងឺឆ្លងសំខាន់ៗ ដូចជា ជំងឺអេដស៍ របេង និងគ្រុនចាញ់។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើគោលនយោបាយគាំពារសង្គម ជាពិសេសការថែទាំសុខភាពគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះផងដែរ។
កំណើនសេដ្ឋកិច្ច និងការប្រែប្រួលប្រជាសាស្ត្រ បានធ្វើឱ្យប្រជាពលរដ្ឋមានការរំពឹងទុកកាន់តែខ្ពស់លើគុណភាពសេវាសុខាភិបាល ខណៈប្រព័ន្ធសុខាភិបាលក៏កំពុងប្រឈមនឹងការកើនឡើងនៃជំងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត និងតម្រូវការថែទាំមនុស្សវ័យចាស់។ ដូច្នេះ វិស័យសុខាភិបាលត្រូវតែពង្រឹងការថែទាំសុខភាពបឋម ចាប់យកបច្ចេកវិទ្យាឌីជីថល និងអនុវត្តកំណែទម្រង់ឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។ នេះបើតាមឯកឧត្តមអភិបាលខេត្តកណ្តាលបញ្ជាក់បន្ថែម។
ឯកឧត្តម គួច ចំរើន បានណែនាំឱ្យមន្ត្រីសុខាភិបាលដាច់ខាតមិនត្រូវបង្ហាញអាកប្បកិរិយារើសអើង ក្រអឺតក្រទម ឬប្រើប្រាស់តួនាទី និងនីតិវិធីវេជ្ជសាស្ត្រដើម្បីគំរាមកំហែង ឬបង្កការលំបាកដល់អ្នកជំងឺឡើយ ព្រោះការផ្តល់សេវាសុខាភិបាលត្រូវឈរលើគោលការណ៍សមធម៌ សុចរិតភាព និងមនុស្សធម៌។
ជាមួយនឹងការពង្រឹងគុណភាពសេវា ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យមន្ទីរសុខាភិបាលខេត្ត និងគ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងទិន្នន័យអ្នកជំងឺ អ្នកស្លាប់ និងតាមដានជំងឺឆ្លងតាមរដូវ ដូចជា ជំងឺគ្រុនឈាម ករណីសត្វសេរពិសខាំឬពស់ចឹក និងជំងឺផ្សេងៗ ដើម្បីឆ្លើយតបទាន់ពេលវេលា និងកាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការតឹងរ៉ឹងចំពោះគ្លីនិកឯកជនដែលមិនមានច្បាប់អនុញ្ញាត រាល់ការប្រកបមុខរបរក្នុងវិស័យសុខាភិបាល ត្រូវធានាថា អ្នកប្រកបរបរទាំងអស់នោះត្រូវមានការអប់រំ មានសញ្ញាបត្រត្រឹមត្រូវ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាការព្យាបាលប្រកបដោយសុវត្ថិភាព និងមិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ ហើយរដ្ឋបាលខេត្តកណ្តាលនឹងមិនអនុញ្ញាតឱ្យបុគ្គលដែលគ្មានច្បាប់ ឬគ្មានសមត្ថភាព បើកគ្លីនិកប្រកបមុខរបរក្នុងសុខាភិបាលជាដាច់ខាត៕
ដោយ៖ ង៉ែត ពិសាន្ត
















