គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលសំណើគម្រោងសរុបចំនួន ៧២គម្រោង ក្នុងទុនវិនិយោគ ២ ៦៥០លានដុល្លារអាម៉េរិក ដែលបង្ហាញអំពីសក្តានុពល និងចំណាប់អារម្មណ៍ពីវិនិយោគិន ក្នុងភូមិភាគឦសាន ។ ក្នុងចំណោមគម្រោងវិនិយោគទាំង៧២គម្រោង ខេត្តមណ្ឌលគិរី បានទទួលសំណើគម្រោងវិនិយោគចំនួន ២២គម្រោង ក្រោមទុនវិនិយោគ ៥១១លានដុល្លារអាម៉េរិក និង អាចបង្កើតការងារ ៥ ០០៣កន្លែង។
គម្រោងទុនវិនិយោគដែលបានទទួលនេះ ត្រូវបានបង្ហាញក្នុងកិច្ចជំនួបពិភាក្សាជាមួយធុរជនក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ក្រោមវត្តមានឯកឧត្តម ហ៊ាន សាហ៊ីប ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី។
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានបង្ហាញអំពីអត្ថប្រយោជន៍នៃការលើកទឹកចិត្ត និងការសម្រួលនីតិវិធី ដែលកម្មវិធីពិសេសអាចផ្តល់ជូនតួយ៉ាងដូចជា ការផ្តល់ការគាំទ្រពិសេសដល់សហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគអប្បបរមា ចាប់ពី ១០ម៉ឺនដុល្លារឡើងទៅ គឺអាចស្នើសុំគោលការណ៍វិនិយោគពីក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដើម្បីចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) បាន ។
លើសពីនេះ សម្រាប់សកម្មភាពធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្តទាំងបួនរួមមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ តែមិនទាន់បានចុះបញ្ជីពន្ធដារ ក៏អាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត រហូតដល់ដំណាច់ឆ្នាំ២០២៦ ហើយទទួលបានការលើកលែងនូវពិន័យទោសទណ្ឌ, បំណុលពន្ធ និង ការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ាន សាហ៊ីប បានជំរុញឱ្យក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន រួមជាមួយរដ្ឋបាលខេត្ត ត្រៀមខ្លួនជានិច្ចក្នុងការទទួលនូវការស្នើសុំប្រឹក្សាយោបល់ ការគាំទ្រការដាក់ពាក្យ ការសម្រួលនីតិវិធី និងការចូលរួមដោះស្រាយបញ្ហារាំងស្ទះដោយប្រការណាមួយ ដោយប្រើប្រាស់ “យន្តការច្រកចេញចូលតែមួយ” របស់ក្រុមការងារ និង ការរួមគ្នាជំរុញការវិនិយោគនៅភូមិភាគឦសាន ដោយការដោះស្រាយបញ្ហារួមគ្នាជាកញ្ចប់ តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។
សូមបញ្ជាក់ថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សំដៅប្រែក្លាយភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចថ្មីដ៏មានសក្តានុពល តាមរយៈវិធានការគាំទ្រពិសេសលើវិស័យអាទិភាពចំនួន៣ គឺ កសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយផ្តល់ការគាំទ្រលើការលើកទឹកចិត្តផ្នែកពន្ធ និងអាករ, ផ្តល់ហិរញ្ញប្បទានអត្រាការប្រាក់សមរម្យ និងកាត់បន្ថយថ្លៃដើមផលិតកម្ម ព្រមទាំងការសម្របសម្រួលពិសេសពីក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និងក្រសួងស្ថាប័នពាក់ព័ន្ធ៕
ដោយ៖ ង៉ែត ពិសាន្ត









