យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ កម្លាំងនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៣នាក់ ពាក់ព័ន្ធករណីចាប់មនុស្សដាក់ក្នុងរថយន្ត ដើម្បីជំរិតទារប្រាក់ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
តាមសមត្ថកិច្ច ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញបានចុះស្រាវជ្រាវ និងប្រដេញតាមរថយន្តរបស់ជនសង្ស័យ។ ខណៈកំពុងគេចខ្លួន ជនសង្ស័យបានទម្លាក់ជនរងគ្រោះជាជនជាតិវៀតណាមចោលតាមផ្លូវ ហើយនាំគ្នារត់ចូលវាលស្រែ។ កម្លាំងសមត្ថកិច្ចបានដេញតាម និងឃាត់ខ្លួនបានទាំង ៣នាក់ នៅវេលាម៉ោង ១០:៣០នាទីព្រឹក នាថ្ងៃដដែល។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតរថយន្ត Toyota Prius ពណ៌ក្រហម ១គ្រឿង, កាំបិត ៣ដើម, ទូរស័ព្ទដៃ ២គ្រឿង និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ប៉ៃ សុឃីម












