跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន ចុះ MoU ជំរុញពាណិជ្ជកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព

KPS99TV历史原文 · 暂无当前语言译文

ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថានក្នុងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម។

ពិធីចុះហត្ថលេខានេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូប។

អនុស្សរណៈនេះមានគោលបំណងពង្រឹងការសម្របសម្រួលរវាងក្រសួងទាំងពីរ ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគាំពារបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងពង្រឹងយន្តការឆ្លើយតបចំពោះហានិភ័យបរិស្ថានដែលបណ្តាលមកពីសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ លោកជំទាវ ចម និម្មល បានលើកឡើងថា កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ត្រូវដើរទន្ទឹមគ្នាជាមួយការគាំពារបរិស្ថាន និងការការពារសុខភាពសាធារណៈ។ លោកជំទាវបានបញ្ជាក់ថា អនុលោមភាពបរិស្ថានមិនមែនជាកាតព្វកិច្ចតាមផ្លូវច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព ការទាក់ទាញវិនិយោគប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកជំទាវរដ្ឋមន្ត្រីបានបន្ថែមថា និន្នាការពាណិជ្ជកម្មអន្តរជាតិ កំពុងផ្តោតកាន់តែខ្លាំងលើ ផលិតកម្មបៃតង ការគ្រប់គ្រងកាកសំណល់ ការប្រើប្រាស់ថាមពល និងធនធានប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងហានិភ័យបរិស្ថានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។ កត្តាទាំងនេះកាន់តែមានសារៈសំខាន់សម្រាប់ការចូលដំណើរការទីផ្សារអន្តរជាតិ និងការរក្សាទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងផ្តោតលើការបង្ការ ការផ្សព្វផ្សាយ ការណែនាំបច្ចេកទេស និងការលើកកម្ពស់ការយល់ដឹងរបស់ធុរជន អំពីការគាំពារបរិស្ថានក្នុងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ដើម្បីជួយឱ្យសហគ្រាសអាចគ្រប់គ្រងហានិភ័យ កែលម្អប្រព័ន្ធគ្រប់គ្រង បង្កើនប្រសិទ្ធភាពផលិតកម្ម និងពង្រឹងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា។

ការចុះអនុស្សរណៈនេះ ត្រូវបានរំពឹងថា នឹងក្លាយជាមូលដ្ឋានសម្រាប់ការពង្រឹង ពាណិជ្ជកម្មបៃតង ការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…