跳至正文
西哈努克省电视台 · 官方网站
登录

ចុះត្រួតពិនិត្យ ៨ទីតាំងនៅប៉ោយប៉ែត រកឃើញជនជាតិថៃ ១៧នាក់ តែមានឯកសារត្រឹមត្រូវ

KPS99TV历史原文 · 暂无当前语言译文

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន ៨ទីតាំង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយរកឃើញជនបរទេសចំនួន ១៧នាក់ ក្នុងនោះស្ត្រី ៩នាក់ សុទ្ធតែជាជនជាតិថៃ និងមានឯកសារស្របច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងសម្របសម្រួលដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្រុមការងារចម្រុះដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង។

តាមរបាយការណ៍រដ្ឋបាលខេត្ត ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងចំនួន ៨ ក្នុងសង្កាត់អូរជ្រៅ ដោយក្នុងនោះ ទីតាំងទី១ ស្ថិតនៅភូមិសាមគ្គីមានជ័យ ជាអគារកម្ពស់ ៩ជាន់ មាន ៤០បន្ទប់ រកឃើញជនជាតិថៃចំនួន ១៧នាក់ ស្ត្រី ៩នាក់ ដែលកំពុងបម្រើការងារនៅកាស៊ីណូ ដឹ សេន។ ក្រុមការងារមិនបានរកឃើញសម្ភារៈសង្ស័យឡើយ។

ចំណែក ទីតាំងចំនួន ៧ផ្សេងទៀត ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ រួមមានអគារកម្ពស់ ៤ជាន់ ៧០បន្ទប់, ៩ជាន់ ៦០បន្ទប់, ៨ជាន់ ៥៩បន្ទប់, បន្ទប់ជួល ២៤បន្ទប់, អគារកម្ពស់ ៥ជាន់ ១០២បន្ទប់, អគារកម្ពស់ ៣ជាន់ មាន ១២ល្វែង សរុប ៤៨បន្ទប់ និងអគារកម្ពស់ ៥ជាន់ មាន ៥បន្ទប់។ ការត្រួតពិនិត្យមិនបានរកឃើញជនបរទេសស្នាក់នៅ ឬសម្ភារៈសង្ស័យឡើយ។

បន្ទាប់ពីពិនិត្យឯកសារ និងស្ថានភាពជាក់ស្តែង ក្រុមការងារបានអនុញ្ញាតឱ្យជនជាតិថៃទាំង ១៧នាក់ បន្តការស្នាក់នៅតាមច្បាប់។

ប្រតិបត្តិការនេះជាផ្នែកមួយនៃការចុះត្រួតពិនិត្យរដ្ឋបាល និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមទីតាំងស្នាក់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…