អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អះអាងថា កងទ័ពថៃនៅបន្តឈ្លានពានទឹកដីកម្ពុជាទាំងកម្រោល ដោយពង្រីកការឈ្លានពានទៅទិសព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ហើយបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលទឹកដីកម្ពុជាយ៉ាងសាហាវឃោឃៅ ដោយមិនខ្វល់ពីការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសុវត្ថិភាពជនស៊ីវិលឡើយ។
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៦ ខែកក្កដានេះថា មកដល់ពេលនេះ សកម្មភាពឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា តាំងពីម៉ោង៥ព្រឹក ថៃបានចាប់ផ្តើមវាយប្រហារមកទឹកដីកម្ពុជា រួមមាន៖ ចាក់ច្រែង វាលឥន្រ្ទី តាថាវ ភ្នំខ្មោច ជាំតែ និងអានសេះ ហើយទិសទី៣ ពុំមានសភាពការណ៍អ្វីគួរឱ្យកត់សម្គាល់ឡើយ ដោយកងកម្លាំងកម្ពុជាឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។
បើតាមលោកជំទាវ ម៉ាលី សុជាតា ទិសថ្មីដែលថៃចាប់ផ្តើមការពន្លាតការឈ្លានពានគឺនៅខេត្តពោធិ៍សាត់ ដោយចាប់ផ្តើមតាំងពីម៉ោង៥និង០២នាទីព្រឹកថ្ងៃទី២៦កក្កដានេះ ដែលភាគីថៃបើកការបាញ់ប្រហារមកលើកម្ពុជាមុន ខណៈមកទល់នឹងពេលនេះ ភាគីថៃនៅតែបន្តផ្លោងចូលឈ្លានពានទឹកដីកម្ពុជា។
ចំណែក ខេត្តបន្ទាយមានជ័យ ពុំទាន់មានការផ្ទុះអាវុធនៅឡើយទេ ប៉ុន្តែកងទ័ពថៃដាក់សម្ពាធនិងគំរាមកំហែងកងកម្លាំងកម្ពុជា ហើយបានបណ្តេញចេញពីទឹកដីកម្ពុជា ប្រសិនបើមិនចេញនឹងមានការប្រើប្រាស់អាវុធបាញ់ប្រហារមកលើកងទ័ពកម្ពុជា។ នេះគឺជាការរំលោភបំពាន MoU ឆ្នាំ២០០០ នៃមាត្រា៥ផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត

