(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំដោយរលូន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់ជាន់ថ្នាក់របស់ក្រសួង។
ក្នុងយុទ្ធនាការនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាមកពីគ្រប់អង្គភាពចំណុះក្រសួងបានអញ្ជើញមកបង្ហាញវត្តមាន ផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួន និងពិនិត្យឯកសារពាក់ព័ន្ធយ៉ាងយកចិត្តទុកដាក់។ ដោយមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ដំណើរការជំរឿនបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយរបៀបរៀបរយ ភាពរលូន និងឆាប់រហ័ស។
ការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់ជាន់ថ្នាក់ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមគាំទ្រគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ការងារនេះមានគោលដៅពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យសាធារណៈឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ ធី លីថូ






