跳至正文
西哈努克省电视台 · 官方网站
登录

«រួមគ្នាសាងមហាកុសល! ពិធីរាប់បាត្រព្រះសង្ឃ ២០០អង្គ ដើម្បីឧទ្ទិសវិញ្ញាណក្ខន្ធវីរជនខ្មែរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ សីហា ខាងមុខនេះ!»

KPS99TV历史原文 · 暂无当前语言译文

ដើម្បីសម្តែងនូវការដឹងគុណ និងរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព និងវីរនគរបាលដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប រួមមាន ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងបុត្រ, ឯកឧត្តម សោម សឿន ប្រធានគណៈចាត់តាំងគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងលោកជំទាវព្រមទាំងបុត្រ រួមជាមួយ ឯកឧត្តម មាស សុត្ថា ប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោកជំទាវព្រមទាំងបុត្រ និងចៅ បានរួមគ្នាផ្តួចផ្តើមរៀបចំពិធីរាប់បាត្រដ៏អធិកអធមមួយ ដោយមានការនិមន្តព្រះសង្ឃចំនួន ២០០អង្គ។ ពិធីបុណ្យដ៏មានអត្ថន័យនេះ នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែស្រាពណី ឆ្នាំមមី អង្គស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីតាំងផ្សារតាមាសសុទ្ធ ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដំណឹងបុណ្យនេះក៏ជាការអញ្ជើញយ៉ាងកក់ក្តៅដល់បងប្អូនប្រជាពុទ្ធបរិស័ទ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សិស្ស និស្សិត និងមន្ត្រីរាជការទាំងអស់ ចូលរួមឱ្យបានកុះករ ដើម្បីចូលរួមចំណែកសាងមហាកុសលដ៏ធំធេង និងឧទ្ទិសផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានបូជាជីវិត។ ការប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃក្នុងឱកាសនេះ មិនត្រឹមតែជាការគោរពតាមប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់របស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឧទ្ទិសកុសលទៅដល់បុព្វការីជន និងញាតិកាទាំង ៧សន្តានផងដែរ។

លើសពីនេះទៅទៀត ពិធីនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងសន្តិភាពនាពេលបច្ចុប្បន្ន ឱ្យកាន់តែមានស្មារតីសាមគ្គីភាពរឹងមាំ ដូចវីរជនជំនាន់មុនដែលបានខិតខំកសាង និងការពារជាតិ។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការចងចាំជានិច្ចនូវការលះបង់ដ៏ធំធេងរបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានធ្វើពលីកម្មដើម្បីសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…