ខេត្តស្វាយរៀងទើបតែទទួលបាននូវសមិទ្ធផលប្រវត្តិសាស្ត្រថ្មីស្រឡាងមួយទៀតហើយ តាមរយៈការប្រកាសបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានថ្មីបន្ថែម កាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ។ ពិធីក្រុងពាលី និងបុកគ្រឹះជាផ្លូវការដើម្បីសុំសេចក្តីសុខសប្បាយក្នុងដំណើរការសាងសង់នេះ ត្រូវបានធ្វើឡើងនៅទីតាំងគម្រោងផ្ទាល់ ដែលស្ថិតក្នុងភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក្រោមវត្តមានការចូលរួមរបស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំទាំងពីររូប រួមជាមួយមន្ត្រី និងភ្ញៀវកិត្តិយសទាំងអស់ បានរួមគ្នាផ្សងបួងសួងសុំម្ចាស់ទឹកម្ចាស់ដីឱ្យការដ្ឋានទាំងមូលប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ បន្ទាប់មក ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និង ឯកឧត្តម វ៉ាត់ ចំរើន តំណាងក្រសួងអប់រំ បានអញ្ជើញបុកគ្រឹះ និងស្រោចទឹកជ័យមង្គលរួមគ្នា ដើម្បីជាសញ្ញាណនៃការចាប់ផ្តើមសាងសង់ជាផ្លូវការ។
ពហុកីឡដ្ឋានខេត្តស្វាយរៀងថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់គាំទ្រដល់ការហ្វឹកហាត់ ក៏ដូចជាការរៀបចំការប្រកួតកីឡាផ្សេងៗទាំងក្នុងកម្រិតជាតិ និងកម្រិតខេត្ត។ លើសពីនេះ វាក៏ជាទីធ្លាសាធារណៈដ៏សម្បូរបែបសម្រាប់ប្រជាពលរដ្ឋទូទៅអាចមកលេងកម្សាន្ត និងហាត់ប្រាណដើម្បីសុខភាពផងដែរ។ ចំពោះដំណើរការសាងសង់វិញ ក្រុមការងារនឹងធានាឱ្យបាននូវការអនុវត្តតាមស្តង់ដារបច្គេកទេសត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពរឹងមាំ សុវត្ថិភាពខ្ពស់ និងសោភ័ណភាពស្រស់ស្អាតស្របតាមផែនការដែលបានកំណត់៕
ដោយ៖ ប៉ៃ សុឃីម








